ការបង្កើនជីវភាពរស់នៅប្រកបដោយចីរភាពតាមរយៈទុយោឫស្សី

បទសម្ភាសន៍ជាមួយ ថេសា ផួលដឺរ ស្ថាបនិករនៃ 'Suck On That' ដែលជាសហគ្រាសសង្គមទុយោឫស្សីកម្ពុជា

សំណួរដំបូងដែលលេចឡើងនៅក្នុងគំនិតខ្ញុំនោះគឺ ហេតុអ្វីបានជាទុយោ?

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលការរសាយចិត្តរបស់ខ្ញុំកាន់តែកើនឡើងៗជាមួយនឹងការទម្លាប់បោះចោលប្លាស្ទិចនិងកាកសំណល់ផ្សេងៗ។ ប៉ុន្តែចំណុចដែលធ្វើអោយមានការផ្លាស់ប្ដូរនោះគឺពេលដែលខ្ញុំនៅកោះរ៉ុង។ ខ្ញុំបានដើរលើឆ្នេរខ្សាច់ដែលពោរពេញទៅដោយទុយោប្លាស្ទិកជាច្រើនពាសវាលពាសកាល ហើយវាបានធ្វើឱ្យខ្ញុំសោកសៅជាអនេកដែលយើងកំពុងបំផ្លាញកន្លែងដ៏ស្រស់ស្អាតបែបនេះ។ យើងមានជម្រើសជាច្រើនដើម្បីចៀសវាងការប្រើទុយោប្លាស្ទិចដូច្នេះខ្ញុំគិតថាខ្ញុំនឹងចាប់ផ្តើមលើកទឹកចិត្តឱ្យប្រជាជនចាប់ផ្តើមប្រើប្រាស់ ជម្រើសដែលមាននិរន្តភាពបំផុតដែលជាទុយោឫស្សី។ 

តើការប្រើប្រាស់ទុយោឫស្សីជំនួសទុយោប្លាស្ទិចមានសារប្រយោជន៏អ្វីខ្លះ?

តាមទស្សនៈសុខភាព សម្រាប់អ្នកប្រើប្រាស់វាមានភាពល្អប្រសើរខ្លាំងក្នុងការប្រើទុយោឫស្សីពីព្រោះវាជារបស់ធម្មជាតិសុទ្ធនិងសរីរាង្គ។ ចំណែកការប្រើប្រាស់ទុយោប្លាស្ទិចវិញ អ្នកនឹងទទួលបានសារធាតុគីមីដែលមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពរបស់អ្នក។ បើយើងគិតអំពីបរិស្ថាន ឫស្សីនៅតែល្អជាងប្លាស្ទិច។ ឫស្សីមិនត្រូវការចំំណាយថាមពលច្រើនដើម្បីផលិតទេហើយវាជាជីវម៉ាសទៀត។ ដោយឡែក ទុយោប្លាស្ទិចត្រូវចំណាយរយះពេល២០០ឆ្នាំដើម្បីបំបែកទៅជាបំណែកតូចៗទៅក្នុងដីហើយវាមិនបាត់ទាំងស្រុងនោះទេ។

តើទុយោឫស្សីអាចប្រើឡើងវិញបានប៉ុន្មានដង?

វាអាស្រ័យទៅលើថាតើអ្នកថែរក្សាទុយោបានល្អប៉ុណ្ណាដែរ ប៉ុន្ដែយ៉ាងហោចណាស់៥០ដង។ ប្រសិនបើអ្នកមានទុយោផ្ទាល់ខ្លួន អ្នកអាចប្រើវាបានយូរឆ្នាំ។ ប៉ុន្តែករណីនៅក្នុងភោជនីយដ្ឋានគឺខុសគ្នា។

តើអ្នកអាចថែរក្សាទុយោរបស់អ្នកបានយ៉ាងដូចម្តេច? តើមានវិធីពិសេសដើម្បីសម្អាតវាដែរឬទេ?

ឫស្សីគឺជាវត្ថុធាតុដើមធម្មជាតិដោយគ្មានបាក់តេរី ដូច្នេះវាអាចជួយបានមួយដំនាក់កាលទៅហើយ។ ដោយឡែកអ្នកក៏អាចដាក់លាងវាក្នុងម៉ាស៊ីនលាងចានបានដែរ ឬអ្នកអាចប្រើទឹកក្តៅនិងសាប៊ូដើម្បីជម្រះ។ សម្រាប់អ្នកដែលចង់ជៀសវាងប្រើទឹកសាប៊ូ ពួកគេអាចប្រើទឹកខ្មេះនិងទឹកក្តៅជំនួសដែលវាអាចសម្លាប់បាក់តេរីបាន។

អ្នកបានលើកឡើងថាទុយោឫស្សីគឺជាពាណិជ្ជកម្មទុយោយុត្តិធម៌

វាគឺជាពាណិជ្ជកម្មទុយោយុត្តិធម៌ដំបូងគេបង្អស់និងមានតែមួយនៅលើពិភពលោក។ ដូច្នេះវាមានន័យថាខ្ញុំអាចធានាថាទុយោត្រូវបានធ្វើឡើងយោងទៅតាមគោលការណ៍ទាំង១០របស់អង្គការពាណិជ្ជកម្មយុត្តិធម៌ពិភពលោក (WFTO=World Fair Trade Organization)។

Suck On That ដែលជាដៃគូជាមួយសមាជិកធានានៃអង្គការ WFTO ចំនូន២ថាមិនត្រឹមតែមានផលប៉ះពាល់ជាវិជ្ជិមានដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានផលប៉ះពាល់ជាវិជ្ជមានដល់សង្គមផងដែរ។ នោះហើយជាមូលហេតុដែលយើងកំពុងធ្វើការជាមួយនឹងបណ្ដាភូមិជនបទនៅកម្ពុជា។ យើងកំពុងព្យាយាមបង្កើតការងារសម្រាប់សហគមន៍ដែលមានឱកាសការងារតិចតួច។

តើមានសហគមន៍ចំនួនប៉ុន្មានដែលអ្នកកំពុងធ្វើការជាមួយនៅពេលនេះ?

នាពេលនេះ អ្នកផលិតទុយោគឺជាក្រុមស្ត្រីតូចមួយនៅក្នុងខេត្តតាកែវ។ ខ្ញុំទើបតែចាប់ផ្តើមពី៦ខែមុន ដូច្នេះផលិតកម្មនៅតូចនៅឡើយប៉ុន្តែខ្ញុំក៏បានចាប់ផ្តើមដាំដើមឫស្សីនៅក្នុងសហគមន៍ជនបទនិងសហគមន៍ដែលងាយរងគ្រោះដែលមានចំងាយមួយម៉ោងឆ្ងាយពីផលិតកម្មបច្ចុប្បន្ន។ សហគមន៍នេះចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសសេដ្ឋកិច្ចផ្សេងៗដើម្បីទ្រទ្រង់ខ្លួនឯង។ ដោយសារឫស្សីត្រូវការចំណាយពេលប្រហែល២ទៅ៣ឆ្នាំដើម្បីដុះលូតលាស់យើងអាចចាប់ផ្តើមផលិតកម្មឫស្សីនៅក្នុងសហគមន៍នោះក៏ក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខទៀតផងដែរ។ 

ហេតុអ្វីបានជាវាមានសារៈសំខាន់សម្រាប់ប្រទេសមួយដូចជាប្រទេសកម្ពុជាដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិចនិងការប្រើប្រាស់ទុយោប្លាស្ទិច?

ខ្ញុំគិតថាវាមានសារៈសំខាន់នៅលើពិភពលោកដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិចព្រោះជ័រកៅស៊ូគឺជាបញ្ហាដែលឆ្លងកាត់ព្រំដែន។ វាមិនមែនត្រឹមតែប្រទេសកម្ពុជាទេ ប៉ុន្តែប្រទេសកម្ពុជាត្រូវការដោះស្រាយបញ្ហានេះពីព្រោះការយល់ដឹងអំពីកាកសំណល់ប្លាស្ទិចរបស់ប្រជាជននៅមានភាពតិចតួចណាស់ហើយកាកសំណល់ប្លាស្ទិចនៅក្នុងប្រទេសកម្ពុជាមានច្រើន។ ប្រព័ន្ធគ្រប់គ្រងកាកសំណល់របស់ពួកគេក៏មានលក្ខណៈសាមញ្ញផងដែរ។ ភាគច្រើននៃកាកសំណល់ត្រូវបានកាត់បន្ថយតាមរយៈការដុតដែលជាការខូចខាតមួយដោយសារវាបញ្ចេញផ្សែងពុលនិងសារធាតុពុលជាច្រើន។

ដើម្បីបង្កើនការយល់ដឹងនៅកម្ពុជាខ្ញុំគិតថាវាសំខាន់ណាស់ដែលយើងចាប់ផ្ដើមបង្រៀនកុមារដែលនៅមានវ័យក្មេងអំពីបញ្ហានេះ។ ចាប់ផ្ដើមបង្រៀនពួកគេនៅសាលារៀនហើយយើងនឹងសង្ឃឹមថានៅពេលដែលពួកគេវិលទៅផ្ទះវិញ ពួកគេអាចនឹងប្រាប់ឪពុកម្តាយរបស់ពួកគេឱ្យរៀនតាម។ 

តើឫស្សីគឺជាជម្រើសដ៏ពិតប្រាកដសម្រាប់អាជីវកម្មក្នុងតំបន់តូចៗដែរឬទេ?

ទុយោឫស្សីមានតម្លៃថ្លៃជាងទុយោប្លាស្ទិចបន្តិចបន្តួចដូច្នេះខ្ញុំយល់ថាមិនមែនគ្រប់អាជីវកម្មទាំងអស់សុទ្ធតែមានលទ្ធភាពផ្លាស់ប្តូរទេ។ ទោះជាយ៉ាងណាក៏ដោយវាក៏ជាជម្រើសមួយសំរាប់អោយពួកគេគិតអំពីការមិនប្រើប្រាស់ទុយោទាល់តែសោះឬប្រើប្រាស់ទុយោតាមការស្នើសុំប៉ុណ្ណោះ។ ជួនកាលខ្ញុំបានឃើញភេសជ្ជៈដែលត្រូវការទុយោ២ នេះគឺជាទម្លាប់ដែលឥតប្រយោជន៍ដែលត្រូវការផ្លាស់ប្តូរ។ ប្រសិនបើយើងអាចផឹកស្រាបៀរឬស្រាដោយមិនចាំបាច់ប្រើទុយោ យើងក៏អាចផឹកភេសជ្ជៈផ្សេងទៀតដោយមិនប្រើទុយោបានដូចគ្នា។

ដោយសារតែស្ថានភាពបច្ចុប្បន្នត្រូវការការផ្លាស់ប្តូរយ៉ាងខ្លាំង តើអ្វីដែលជាទស្សនៈវិស័យរបស់អ្នកចំពោះប្រទេសកម្ពុជានៅឆ្នាំ២០២៥?

តាមឧត្ដមគតិរបស់ខ្ញុំ ខ្ញុំចង់ឃើញគោលនយោបាយដែលជំរុញឱ្យអាជីវកម្មមាននិរន្តរភាពច្រើនជាងមុន។ ខ្ញុំសង្ឃឹមថាប្រជាជននឹងចាប់ផ្តើមយល់ដឹងកាន់តែច្រើនអំពីបញ្ហានេះព្រោះវាគឺជាបញ្ហាដ៏ធំមួយដែលត្រូវដោះស្រាយឱ្យបានម៉ត់ចត់។

ចូលរួមកម្មវិធីរបស់យើង៖ Plastic Free Cambodia & Cloud Flea Market to mark International Straw Free Day, from 3-8pm at Cloud (Street 9), Link: https://www.facebook.com/events/167859057307913

ទំនាក់ទំនង
Email: info@suckonthat.com
Website: http://www.suckonthat.com
Facebook: https://www.facebook.com/suck.on.that
Instagram: https://www.instagram.com/suck.on.that