ទីក្រុងភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤
មូលនិធិហេនរេចបូលបាននិងកំពុងគាំទ្រ អង្គការយុវជនជនជាតិដើមភាគតិចកម្ពុជា (ស៊ីយ៉ា) អស់រយៈពេលជាង៧ឆ្នាំហើយមកទល់ឥឡូវនេះ។ ស៊ីយ៉ាត្រូវបានបង្កើតឡើងដោយក្រុមជនជាតិដើមភាគតិចកម្ពុជា និងមានបំណងដើម្បីផ្តល់ឲ្យក្រុមយុវជនជនជាតិដើមភាគតិចដោយធ្វើការជាបណ្តាញសង្គម នៅក្នុងទីក្រុងភ្នំពេញ ព្រមទាំងដើម្បីពង្រឹងសមត្ថភាពរបស់សិស្សនិស្សិតជនជាតិដើមភាគតិចទាំងនេះ និងបង្កើនភាពក្លាហានដល់ពួកគេក្នុងនាមសហគមន៍ជនជាតិដើមភាគតិចជំនាន់ក្រោយ។
ស៊ីយ៉ាបានវិវឌ្ឍន៍ទៅជាអង្គការដ៏រឹងមាំមួយ និងរីកចំរើនគួរឲ្យកត់សម្គាល់ ដោយមានចំនួននៃសមាជិកថ្មីៗជាច្រើននៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ។ ហេតុដូច្នេះហើយ វាអាចចាប់ផ្តើមផងដែរនូវការផ្តួចផ្តើមបេសកកម្មទី២របស់ខ្លួន គឺថាដើម្បីចូលជាសមាជិក នៅក្នុងកម្មវិធីជាច្រើន នៅក្នុងសហគមន៍កំណើតរបស់ពួកគេ ដើម្បីធានាការគាំពារ និងសន្តិសុខដីធ្លី និងធនធានធម្មជាតិ និងដើម្បីថែរក្សាអត្តសញ្ញាណ និងវប្បធម៌របស់ជនជាតិដើមភាគតិច។
កញ្ញា ឡាវរ៉ា ឃៀហ្សន័រ មកពីមូលនិធិហេនរេចបូលបានពិភាក្សាជាមួយនឹងលោក ក្នេត សុខុម អាយុ២២ឆ្នាំ និងកញ្ញា លឹក ស្រីនាង អាយុ២៤ឆ្នាំ អ្នកទាំងពីរជាសមាជិករបស់អង្គការយុវជនជនជាតិដើមភាគតិចកម្ពុជា ពាក់ព័ន្ធទៅនឹងការជាប់ទាក់ទងរបស់ពួកគេ នៅឯស៊ីយ៉ា និងពាក់ព័ន្ធទៅនឹងបទពិសោធន៍របស់ពួកគេក្នុងនាមជនជាតិដើមភាគតិច នៅក្នុងប្រទេសកម្ពុជា។
១. តើអ្នកបានចូលរួមជាមួយនឹងស៊ីយ៉ាដោយរបៀបណា?
សុខុមៈ នៅពេលខ្ញុំនៅវ័យជំទង់ ខ្ញុំបានបោះបង់ចោលការសិក្សានៅថ្នាក់វិទ្យាល័យ និងបានធ្វើការនៅចំការអស់រយៈពេលជាច្រើនឆ្នាំ។ ប៉ុន្តែសកម្មភាពរបស់ស៊ីយ៉ា នៅក្នុងការកសាងសមត្ថភាពយុវជន នៅក្នុងភូមិរបស់ខ្ញុំបានធ្វើឲ្យខ្ញុំមានចំណាប់អារម្មណ៍ ហើយនៅទីបំផុតធ្វើឲ្យខ្ញុំបានចូលរៀនម្តងទៀត។ ក្រោយពេលការបញ្ចប់នៅកម្រិតវិទ្យាល័យរួចមក ខ្ញុំបានទទួលអាហារូបករណ៍ថ្នាក់សាកលវិទ្យាល័យរបស់ស៊ីយ៉ា ដែលផ្តល់ឲ្យសម្រាប់ថ្លៃបង់សាកលវិទ្យាល័យ និងទីស្នាក់អាស្រ័យ ហើយឥឡូវនេះខ្ញុំជានិស្សិតច្បាប់ ក្នុងឆមាសទីមួយ។
ស្រីនាងៈ ខ្ញុំផងដែរបានចូលរួមជាមួយនឹងសុនយ៉ា កាលពីពួកគេកំពុងធ្វើការ នៅក្នុងសហគមន៍របស់ខ្ញុំ។ ក្រោយពីបញ្ចប់កម្រិតវិទ្យាល័យមក ខ្ញុំបានទទួលអាហារូបករណ៍កម្រិតសកលវិទ្យាល័យនៃមុខវិជ្ជាសិក្សាមួយ ដោយសារតែម្តាយរបស់ខ្ញុំមិនមានលទ្ធភាពបង់ថ្លៃឈ្នួលសិក្សានេះឡើយ។ ខ្ញុំបានសិក្សាជំនាញច្បាប់ និងទើបតែបានបញ្ចប់នៅរដូវក្តៅនេះប៉ុន្នោះ។
២. តើកម្មវិធីអ្វីខ្លះដែលអ្នកចូលរួមដើម្បីស៊ីយ៉ា?
សុខុមៈ ខ្ញុំបានចូលរួមនៅក្នុងការងារតស៊ូមតិ នៅក្នុងសហគមន៍របស់ខ្ញុំអស់រយៈពេលជាយូរមកហើយ។ ជនជាតិដើមភាគតិចភាគច្រើន នៅក្នុងសហគមន៍របស់ខ្ញុំមិនមានចំណេះដឹងអ្វីឡើយ ឧទាហរណ៍ពាក់ព័ន្ធនឹងនីតិរដ្ឋជាដើម។ សម្រាប់ហេតុផលនេះ យើងគាំទ្រពួកគេនៅក្នុងបញ្ហាជាច្រើនដូចជាជម្លោះដីធ្លី ការបណ្តេញចេញ ហើយយើងជម្រុញភាពក្លាហានដល់ពួកគេ នៅក្នុងការសម្តែងមតិទៅកាន់អាជ្ញាធរជាឧទាហរណ៍។ យើងមិនចង់ឲ្យសហគមន៍របស់ពួកយើងនៅស្ងៀមតទៅទៀតឡើយ ប្រសិនបើមានភាពអយុត្តិធម៌។ សូម្បីតែខ្ញុំត្រូវបានចាប់ខ្លួនម្តងទៅហើយ ដោយក្រុមអាជ្ញាធរ សម្រាប់ការធ្វើសកម្មភាពសិទ្ធិមនុស្ស។ បើទោះបីជាពួកគេបានគំរាមកំហែងចាប់ខ្លួនខ្ញុំម្តងទៀតក៏ដោយក៏ខ្ញុំមិនខ្លាចដែរ ពីព្រោះខ្ញុំដឹងថាខ្ញុំមិនបានធ្វើអ្វីខុសឡើយ ដោយគ្រាន់តែការពារសិទ្ធិរបស់យើងតែប៉ុណ្ណោះ។ នៅទីបំផុត ចំនួនសមាជិកជាច្រើនបានកើនឡើង នៅក្នុងបណ្តាខេត្តទាំងប្រាំបី ហើយស៊ីយ៉ាបន្តដើម្បីគាំទ្រសិស្សនិស្សិតយុវជនផ្សេងៗទៀត និងផ្តល់អាហារូបករណ៍ឯកជនដល់ពួកគេទៀតផង។
ស្រីនាងៈ ខ្ញុំចូលរួមនៅក្នុងកម្មវិធីជម្រុញភាពក្លាហានដល់ស្រ្តីរបស់ស៊ីយ៉ា។ គោលបំណងមួយក្នុងចំណោមគោលបំណងរបស់យើង គឺដើម្បីជូនដំណឹងដល់ស្រ្តីពាក់ព័ន្ធទៅនឹងសិទ្ធិរបស់ពួកគាត់ និងដើម្បីជំរុញភាពក្លាហានដល់ពួកគាត់ ដើម្បីការពារសិទ្ធិទាំងនេះ។ នៅក្នុងសិក្ខាសាលាយើងផ្សារភ្ជាប់ទៅក្នុងប្រធានបទនានាដូចជា អំពើហិង្សាក្នុងគ្រួសារ ហើយយើងព្យាយាមលើកទឹកចិត្តឲ្យពួកគាត់យកចិត្តទុកដាក់លើការចូលរួមផ្នែកនយោបាយ។ ឥឡូវនេះស្រ្តីទាំងនេះអាចសរសេរដោយផ្ទាល់នូវរបាយការណ៍សន្និសិទ រៀបចំសន្និសិទសារពត៌មាន កំណត់ពីការធ្វើបាតុកម្ម ផ្តល់បទសម្ភាសន៍នានា ហើយពួកគេអាចផ្ញើរបាយការណ៍ដោយផ្ទាល់របស់ពូកគេ ទៅស្ថាប័ននានារបស់រដ្ឋាភិបាលជាឧទាហរណ៍។
៣. ស្រីនាង បើអិញ្ចឹតើអ្នកនឹងពិពត៌នាពីតួនាទីរបស់ស្រ្តីជនជាតិដើមភាគតិចសព្វថ្ងៃនេះដោយរបៀបណា?
យើងមិនមានអ្នកស្រាវជ្រាវពូកែៗជាស្រ្តីជនជាតិដើមភាគតិចឡើយបច្ចុប្បន្ននេះ។ ហេតុផលមួយសម្រាប់ការងារនេះ គឺថាប្រជាពលរដ្ឋជាទូទៅចូលចិត្តគិតថាស្រ្តីមិនត្រូវការការអប់រំឡើយ។ ប្រសិនបើពួកគេបានបញ្ចប់នៅកម្រិតវិទ្យាល័យ បើទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកពួកគេជាធម្មតាមិនត្រូវបានបញ្ជូនទៅសិក្សា នៅកម្រិតសាកលវិទ្យាល័យឡើយ ដោយសារតែគេចាត់ទុកថាវាឆ្ងាយពេក។ វាជាការប្រសើដែលពួកគេរស់នៅក្នុង ឬក៏ជិតសហគមន៍។ នៅក្នុងភូមិរបស់ខ្ញុំ ការអប់រំពិតជាមិនមានតម្លៃឡើយមកទល់ពេលនេះ។ នេះផងដែរក៏ដោយសារតែ ប្រជាពលរដ្ឋជាច្រើនមិនរំពឹងលើការស្វែងរកការងារល្អឡើយ។ ម៉្យាងវិញទៀត អំពើហិង្សាក្នុងគ្រួសារក៏នៅតែជាបញ្ហាដែរ។ ប៉ុន្តែសិក្ខាសាលាជាច្រើនបានធ្វើឲ្យស្ថានភាពនេះបានប្រសើឡើង ដោយសារតែស្រ្តីជាច្រើនបានបង្ហាញពីចំណេះដឹងដ៏ប្រសើ ទាក់ទងទៅនឹងប្រធានបទសព្វថ្ងៃនេះ។ ពួកគេមិនខ្លាចនឹងប្តីរបស់ពួកគេទៀតឡើយ។
៤. ដោយសារតែភាពទាន់សម័យបាននិងកំពុងកើតមានឡើងពាក់ព័ន្ធនឹងទំនាក់ទំនងដ៏អស្ចារ្យ នៃបញ្ហាប្រឈមសម្រាប់ជនជាតិដើមភាគតិច តើអ្នកឃើញមានភាពខុសប្លែកគ្នាខ្លះទេ នៅក្នុងមធ្យោបាយរបស់ជំនាន់ចាស់ៗ ដើរឆ្ពោះទៅរកការប្រឆាំងដែលរាប់បញ្ចូលទៅនឹងទំនៀមទំលាប់ជនជាតិដើមភាគតិចរបស់ពួកគេ ចូលទៅក្នុងភាពទាន់សម័យបើប្រៀបធៀបទៅនឹងក្មេងជំនាន់ក្រោយ?
សុខុមៈ ខ្ញុំមើលមិនឃើញភាពខុសប្លែកគ្នាច្រើនណាស់ណាទេ នៅក្នុងមធ្យោបាយដែលជំនាន់ផ្សេងៗដោះស្រាយពីបញ្ហានេះ។ បើទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលអាចត្រូវបានគេនិយាយជាទូទៅ គឺថាវប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិចមានសារៈសំខាន់ ក្នុងការគាំពារអត្តសញ្ញាណរបស់យើង ដើម្បីជំនាន់ក្រោយ ក៏ដូចជាជំនាន់មុន។ ជាពិសេសវិញ្ញាណដួងព្រលឹងនៃព្រៃឈើ និងពិធីបុណ្យផ្សេងៗនឹងមានអត្ថន័យខ្លឹមសារ និងមានគ្រឹះបន្តដើម្បីមូលដ្ឋាន ឬអត្តសញ្ញាណជនជាតិដើមភាគតិចរបស់ពួកយើង។ សម្រាប់យើង ដែលជាមនុស្សជំនាន់ក្រោយដែលសិក្សានៅទីក្រុងភ្នំពេញ យើងព្យាយាមដើម្បីធ្វើសមាហរ័ណប្រពៃណីរបស់ពួកយើងនៅក្នុងជីវភាពប្រចាំថ្ងៃរបស់យើង។ នៅពេលដែលយើងប្រារព្វធ្វើនូវការសប្បាយអឹកអាធឹកផ្សេងៗជាឧទាហរណ៍ យើងនឹងព្យាយាមបន្តដើម្បីប្រកាន់ខ្ជាប់នូវពិធីបុណ្យតាមលក្ខណៈប្រពៃណីរបស់យើង អោយអស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបាន។ ដោយសារតែយើងមកពីក្រុមជនជាតិដើមភាគតិចផ្សេងៗគ្នាដែលប្រារព្វធ្វើពិធីបុណ្យមួយចំនួន នៅក្នុងមធ្យោបាយផ្សេងៗគ្នា យើងតែងតែជ្រើសរើសពិធីបុណ្យប្រពៃណីមួយរបស់ក្រុមមួយ និងផ្លាស់ប្តូរជម្រើសសម្រាប់គ្រប់ឳកាសទាំងអស់។
៥. តើអ្នកដឹងទេថាអ្វីខ្លះជាបញ្ហាដ៏ធំរបស់ជនជាតិដើមភាគតិចសព្វថ្ងៃនេះ?
ទាំងពីរនាក់ៈ បញ្ហាដ៏ធំបំផុតដែលជនជាតិដើមភាគតិចប្រឈមសព្វថ្ងៃនេះគឺភាពក្រីក្រ កង្វះខាតការអប់រំ និងការទន្ទ្រានដណ្តើមដីធ្លី និងការបំផ្លិចបំផ្លាញទៅលើដីព្រៃធម្មជាតិរបស់ពួកគាត់។
សម្ភាសន៍ដោយៈ ឡាវរ៉ា ឃៀហ្សន័រ