បទសម្ភាសន៍ជាមួយនឹងកញ្ញា វត្ថា វិច្ឆិកា ស្ថាបនិករនៃ <<ដៃខ្មែរ(Dai Khmer)>>
តើអ្នកអាចរៀបរាប់អំពីមូលហេតុក្នុងការបង្កើត ដៃខ្មែរ (DAI KHMER) បានដែរឬទេ?
ជាការពិតណាស់ នោះគឺជាគំនិតមួយតាមរយៈការពិភាក្សាក្នុងចំណោមមិត្តភក្តិពីរបីនាក់របស់យើងអំពីបញ្ហាសង្គម និងអ្វីដែលយើងអាចធ្វើដើម្បីជម្រុញស្ត្រីខ្មែរឱ្យក្លាយជាគំរូនៃការផ្លាស់ប្តូរនិងជំនះនូវឧបសគ្គនានារបស់ស្ត្រីនៅទីជនបទក្នុងប្រទេសកម្ពុជាដែលបានប្រឈមមុខរាប់ទសវត្សមកហើយ។ នេះជាហេតុដែលនាំឱ្យយើងបានសំរេចបង្កើតការងារសម្រាប់ស្ត្រីនៅតាមជនបទដោយផលិតនូវផលិតផលថែរក្សាសុខភាពនិងសម្ផស្ស ធ្វើដោយដៃដោយប្រើបច្ចេកទេសបុរាណដែលបានបាត់បង់ជាយូរណាស់មកហើយ។
វត្ថុចម្បងគឺថា យើងចង់បង្កើតប្រាក់ចំណូលដើម្បីឱ្យសិប្បករអាចមានភាពជាឯករាជ្យផ្នែកហិរញ្ញវត្ថុ រក្សាទុកនូវប្រពៃណី លើកកម្ពស់មរតកវប្បធម៌ សុខភាព សុខុមាលភាព និងបង្កើតជាគំរូមួយដែលអាចប្រកួតប្រជែងជាអន្តរជាតិ។ ខ្ញុំគិតថា នេះជាការភ្ជាប់ទំនាក់ទំនងរវាងការកសាងអាជីវកម្មនៅក្នុងសង្គមដែលអាចពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្រិតមូលដ្ឋាន។
តើអ្នកធ្វើយ៉ាងណាដើម្បីឱ្យដៃខ្មែរ(DAI KHMER)ដំណើរការ? តើនៅពេលបច្ចុប្បន្ននេះ មានសហគមន៍ប៉ុន្មានដែលអ្នកកំពុងធ្វើការជាមួយ?
ចំពោះចំណុចនេះខ្ញុំបានយល់ឃើញថា មានស្រ្តីជាច្រើនដែលកំពុងរស់នៅក្នុងភាពក្រីក្រ តែពួកគាត់ចង់ក្លាយជាភាពមានឯករាជ្យផ្នែកហិរញ្ញវត្ថុ ហេតុនេះយើងផ្តល់ឱ្យស្ត្រីនូវការបណ្តុះបណ្តាលនិងឧបករណ៍ជំនាញដែលពួកគេត្រូវការ។ យើងអាចជួយគ្នាទៅវិញទៅមកតាមរយៈការចែករំលែកជំនាញ និងធនធានដើម្បីចាប់ផ្តើមឥទ្ធិពលនៃការផ្លាស់ប្តូរសង្គមនៅទីជនបទ នៃប្រទេសកម្ពុជា។
ហើយនៅពេលនេះដែរ ខ្ញុំចាប់ផ្តើមធ្វើការជាមួយក្រុមស្ត្រីតូចមួយនៅខេត្តកណ្តាល ហើយយើងក៏បានចាប់ផ្តើមដាំដុះផលិតផលធម្មជាតិដូចជាបន្ទាលកន្ទុយក្រពើជាដើម នៅក្នុងស្រុករបស់ពួកគាត់។
តើអ្នកមានយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីធ្វើឱ្យផលិតផលមានចីរភាព?
បើតាមបទពិសោធន៍របស់នាងខ្ញុំផ្ទាល់ វាអាចជាគំនិតដ៏ល្អមួយក្នុងការបង្កើតសហគ្រាសដែលប្រើប្រាស់ធនធាន ទេពកោសល្យ និងទីផ្សារក្នុងស្រុក។ គោលដៅក្នុងការធ្វើទីផ្សា គឺយើងផ្តោតសំខាន់លើក្រុមអតិថិជនជាក់លាក់ដើម្បីឈានដល់គោលដៅរបស់យើង។ យើងចង់ឱ្យប្រជាជនកម្ពុជាប្រើផលិតផលរបស់ខ្មែរអោយកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ មិនត្រឹមតែប៉ុណ្ណោះយើងក៏បានធ្វើការផ្សព្វផ្សាយផលិតផលតាមរយៈព្រឹត្តិការណ៍នានា ទូរទស្សន៍ ទស្សនាវដ្តី និងគេហទំព័រ។ យើងកំពុងព្យាយាមស្វែងរកបណ្តាញដែលធ្វើជំនួញធំ ៗ ហើយជាដៃគូនៅខាងក្រៅប្រទេសដើម្បីសហការជាមួយគ្នា។
តើអ្នកមានផលិតផលអេកូអ្វីខ្លះដែលកំពុងដាក់នៅលើទីផ្សារ? ហើយចំពោះធនធាន តើអ្នកស្វែងរកបានយ៉ាងដូចម្តេច?
សព្វថ្ងៃ យើងបានផលិតនូវសំបក វេចខ្ចប់ចេញពីដើមចេកសំរាប់ធ្វើការវេចខ្ចប់ផលិតផលរបស់យើងផងដែរ។ ជាមួយគ្នានេះដែរយើងមានផលិតផលផ្សេងៗជាច្រើនទៀតដូចជា ប្រេងដូង ស្ករចេក ស្ករត្នោត ទឹកឃ្មុំ សាប៊ូបោកគក់ សាប៊ូលាងចាន ម្រេច អំបិល ម្ស៉ៅធ្យូង និង ផលិតផលសម្រាប់អប់សក់ផងដែរ។ ផលិតផលទាំងអស់នេះ គឺជាផលិតផលនៅក្នុងស្រុក ហើយនៅក្នុងនោះ៩០% នៃអ្នកផលិតជាស្រ្តី មិនត្រឹមតែប៉ុណ្ណោះផលិតផលទាំងនេះ គឺជាផលិតផលធម្មជាតិ១០០% ដែលមានដាំដុះនៅក្នុងស្រុកយើង។
អ្វីដែលរឹតតែពិសេសនោះគឺ ក្រៅពីការវេចខ្ចប់ជាកំប៉ុងរឺកញ្ចប់ យើងក៏មានលក្ខណៈជាការច្រកបំពេញផងដែរ ដោយអតិថិជនអាចយកដបដែលពួកគាត់មាន រឺ ខ្ចីដបដែលយើងមាន ដាក់នូវផលិតផលដែលគាត់ចង់ទិញ តែប្រសិនបើគាត់ទិញនូវចំនួនច្រើន យើងសូមអោយគាត់មានកំប៉ុង រឺដបដើម្បីច្រកដោយខ្លួនឯង។
ក្នុងគោលបំណងដែលយើងធ្វើនេះគឺយើងចង់បំបាត់នូវការប្រើប្រាស់ផ្លាស្ទិចដែលជាបញ្ហានៃបរិស្ថាន។ យើងគួរចាប់ផ្តើមចួលរួមធ្វើសកម្មភាព ជាជាងការគិតឃើញដោយមិនធ្វើ។ យើងពិតជារីករាយបំផុតចំពោះការចូលរួមដ៏មានតម្លៃរបស់អតិថិជនទាំងអស់គ្នា នេះជាចំណែកមួយក្នុងការផ្តើមនៃការការពារបរិស្ថានដែលយើងកំពុងរស់នៅ។
តើមូលហេតុសំខាន់អ្វីខ្លះសម្រាប់ប្រទេសកម្ពុជាក្នុងការប្រើប្រាស់ផលិតផលអេកូ?
ដោយសារតែ យើងចង់ឱ្យអតិថិជនរបស់យើងជាពិសេសស្ត្រីប្រើនូវផលិតផលដែលគ្មានផលប៉ះពាល់ដល់សុខភាព និងចង់អោយពួកគាត់យល់ដឹងពីអត្ថប្រយោជន៍នៃផលិតផលមុនពេលចំណាយថវិការ។ នេះជាផ្នែកសំខាន់នៃការចូលរួមការពារបរិស្ថាននិងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចផងដែរ។
ទំនាក់ទំនង៖
អ៊ីម៉ែល៖ vichka@daikh.org
ហ្វេសសបុក៖ https://www.facebook.com/daikhmer1/?epa=SEARCH_BOX
គេហទំព័រ៖ http://daikh.org/