រូបភាពដោយ៖ មូលនិធិហេនរេចបូលប្រចាំប្រទេសកម្ពុជា
- ការបកស្រាយតាមវីដេអូខាងក្រោម
លោកស្រី កេក អ្នកឯងមកពីគ្រួសារដែលត្រូវបានគេគោរព ជាគ្រួសារមួយដែលបម្រើការងារឲ្យប្រទេសនេះ។ អ្នកឯងផ្ទាល់ បានធ្វើជាអ្នកសម្របសម្រួលដល់កិច្ចពិភាក្សា រវាងលោក ហ៊ុន សែន ដែលនៅពេលនេះ ជាបុរសខ្លាំងស្រាប់ទៅហើយ នៅក្នុងទីក្រុងភ្នំពេញ ជាមួយនឹងព្រះអង្គម្ចាស់ សីហនុ បន្ទាប់មកជាមួយនឹងបក្សប្រឆាំង។ តើអ្នកមានចំណាប់អារម្មណ៍យ៉ាងណា ចំពោះបុរសក្មេង ហ៊ុន សែន?
នៅពេលដែលខ្ញុំបានជួបជាមួយគាត់ ជាលើកដំបូង កាលពីឆ្នាំ១៩៨៧ ខ្ញុំបានឃើញបុរសក្មេង អៀនប្រៀនម្នាក់។ នៅពេលដែលគាត់បាននិយាយមកកាន់ខ្ញុំ វាហាក់បីដូចជា គាត់ចង់ធ្វើអ្វីមួយ សម្រាប់ប្រទេសរបស់គាត់។ គាត់បានប្រាប់ខ្ញុំថា គាត់មកពីគ្រួសារក្រីក្រមួយ ដូច្នេះ គាត់យល់ច្បាស់ថាភាពក្រីក្រគឺជាអ្វី ហើយថាព្រជាពលរដ្ឋក្រីក្រត្រូវការអ្វី។ បំណងរបស់គាត់ គឺដើម្បីជួយប្រជាជនកម្ពុជា អភិវឌ្ឍន៍ប្រទេសនេះ ដែលទើបតែបានផុសចេញរួចពីការក្តោបក្តាប់របស់ខ្មែរក្រហម។ នៅពេលនោះ ខ្ញុំជឿទៅលើរូបគាត់ ហើយខ្ញុំគិតថា ប្រជាជនដ៏ច្រើនមានជំនឿទៅលើរូបគាត់ផងដែរ។ មនុស្សជាច្រើនគិតថា ប្រសិនបើ យើងមានមេដឹកនាំម្នាក់ចេញពីត្រកូលក្រីក្រ គាត់នឹងយល់នូវអ្វីដែលជាការស្រេចឃ្លាន។
កិច្ចពិភាក្សាទាំងនេះ សម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពមួយ នៅក្នុងឆ្នាំ១៩៩១ ហើយក្រោយមកក៏មានវត្តមានរបស់អង្គការសហប្រជាជាតិ។ ពួកគេបានរៀបចំ និងបានដំណើរការបោះឆ្នោត។ គួរឲ្យភ្ញាក់ផ្អើល លោក ហ៊ុន សែន មិនបានឈ្នះឆ្នោតទេ។ ប៉ុន្តែ គាត់នៅតែមិនបោះបង់អំណាចចោលឡើយ។ តើអ្នកនឹងនិយាយទេ ថាគាត់បានលួចការបោះឆ្នោត?
សម្រាប់ខ្ញុំ ការបោះឆ្នោតឆ្នាំ១៩៩៣ គឺជាការបោះឆ្នោតមួយ ដែលយើងអាចចាត់ទុកថាគួរឲ្យទុកចិត្ត នេះមានន័យថា វាជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ថ្វីបើមានអំពើហិង្សាច្រើនក៏ដោយ។ ហេតុអ្វី? ពីព្រោះ ការបោះឆ្នោតនេះ ត្រូវបានរៀបចំឡើង ដោយអង្គការសហប្រជាជាតិ និងដោយសារតែ អង្គការសហប្រជាជាតិធ្វើការដោយអព្យាក្រិត និងមិនលំអៀង ខ្ញុំយល់ថា លទ្ធផលមានលក្ខណះល្អប្រសើណាស់។ គណបក្សប្រជាជនកម្ពុជា បានចាញ់ឆ្នោត ប៉ុន្តែពុំបានទទួលយកលទ្ធផលនេះឡើយ។
ជាអកុសល ក្នុងនាមការសម្របសម្រួល គ្មានបក្សណាមួយទទួលយកនូវតួនាទី ជាបក្សជំទាស់ឡើយ។ គណបក្សបី ដែលទទួលបានអសនៈ នៅក្នុងរដ្ឋសភាជាតិ បានបង្កើតរដ្ឋាភិបាលចំរុះមួយ។ នេះមិនមែនជាគំនិតល្អនោះទេ វាគួរតែមានបក្សពីរចាកចេញវិញ ដែលតាមពិតមានបក្សចំនួនបួន។ បក្សមួយ មានឈ្មោះថា បក្សម៉ូលីណាកា ដែលទទួលបានតែមួយអាសនៈប៉ុន្នោះ។ ដូច្នេះ សម្រាប់យើង ដែលជាសង្គមស៊ីវិល យើងចង់ឃើញ បក្សនយោបាយទាំងពីរបង្កើតរដ្ឋាភិបាលមួយ ហើយបក្សមួយដើរតួនាទីជាបក្សជំទាស់ ដោយសារតែបក្សជំទាស់មានសារៈសំខាន់ ក្នុងការរក្សានូវការត្រួតពិនិត្យ និងតុល្យភាពទៅលើរដ្ឋាភិបាល។
ប៉ុន្តែ អ្នកមានការបោះឆ្នោតជាទៀងទាត់ចាប់តាំងពីពេលនោះមក។ តើអ្នកនឹងនិយាយថានេះគ្រាន់តែជា ប្រជាធិបតេយ្យក្លែងក្លាយមែនទេ?
ប្រសិនបើអ្នកក្រលេកមើលការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ស្ថាប័នដែលរៀបចំការបោះឆ្នោត គឺឯករាជ្យ។ ប្រសិនបើវាមិនឯករាជ្យទេ តើយើងអាចជឿជាក់លើការបោះឆ្នោតនោះដោយរបៀបណា? នៅប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩៣ មានវត្តមានអង្គការសហប្រជាជាតិ។ ចាប់តាំងពីឆ្នាំ១៩៩៨ ស្ថាប័នដែលរៀបចំការបោះឆ្នោត ត្រូវបានចូលលាយឡំដោយគណបក្សកំពុងកាន់អំណាច។ វាពិបាកសម្រាប់ប្រជាជនកម្ពុជា ដើម្បីនិយាយថាការបោះឆ្នោតមិនមានភាពលំអៀង អព្យាក្រិត និងអាចជឿទុកចិត្តបាន។ ការបោះឆ្នោតមិនមែន ដើម្បីតែគណបក្សនយោបាយនោះទេ គឺដើម្បីមនុស្សគ្រប់គ្នា។
ប្រជាជនទាំងអស់ដែលមានសិទ្ធិបោះឆ្នោត គួរតែទទួលយកនូវលទ្ធផល។ ប្រសិនបើពួកគេមិនទទួលយកនោះទេ មានន័យថាវាមិនគួរឲ្យជឿទុកចិត្តឡើយ។
ប្រសិនបើអ្នកធ្វើដំណើរនៅក្នុងប្រទេសរបស់អ្នក នោះអ្នកកត់សម្គាល់នូវស្លាកសញ្ញារបស់គណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាផ្លូវនានា។ ស្លាកសញ្ញាទាំងនេះ ហាក់បីដូចជាមាននៅគ្រេប់ទីកន្លែងទាំងអស់ ចំណែកឯគណបក្សដទៃទៀតមានការិយាល័យតិចតួចណាស់។ តើគណបក្សប្រជាជនកម្ពុជាពិតជាទទួលបាននូវការគាំទ្រពីសំណាក់ប្រជាជនទាំងអស់មែនទេ?
ពួកគេមានសិទ្ធិដាក់ស្លាកសញ្ញានានា នៅគ្រប់ទីកន្លែង ប៉ុន្តែយើងមានរបាយការណ៍ជាច្រើនអំពីស្លាកសញ្ញារបស់គណបក្សជំទាស់ ថាត្រូវបានគេទាញទម្លាក់។ នេះគឺជាគម្លាតរវាងគណបក្សកំពុងកាន់អំណាច និងគណបក្សដទៃទៀត។ គណបក្សកំពុងកាន់អំណាច គ្រប់គ្រងបណ្តាប្រព័ន្ធផ្សព្វផ្សាយស្ទើតែទាំងអស់។ គ្រប់ប៉ុស្តិ៍ទូរទស្សន៍ទាំងអស់ និងស្ថានីយិ៍វិទ្យុស្ទើតែទាំងអស់មានទំនាក់ទំនងជាមួយនឹងបក្សកំពុងកាន់អំណាច។ កាសែតតិចតួចណាស់ដែលជារបស់គណបក្សជំទាស់ ឬអព្យាក្រិត។ បើទោះបីជាយ៉ាងណាក៏ដោយ មានកាសែតជាភាសារអង់គ្លេសពីរ ដែលឯករាជ្យពិតប្រាកដ។
បញ្ជីបេក្ខជនត្រូវបានបោះពុម្ភផ្សាយ សម្រាប់ការបោះឆ្នោតដែលត្រូវបានធ្វើឡើងនៅចុងខែកក្តដា។ កូនប្រុសម្នាក់របស់ លោក ហ៊ុន សែន និងកូនប្រសារប្រុសរបស់គាត់ ក៏មានឈ្មោះនៅក្នុងបញ្ជីនេះដែរ។ តើអ្នកមានអារម្មណ៍ថាគាត់ចង់បង្កើតនូវប្រភេទខ្លះៗនៃជំនួញគ្រួសារ នៅទីនោះឬ?
មនុស្សមួយចំនួនគិតបែបនេះ ប៉ុន្តែខ្ញុំបានឮ លោកនាយករដ្ឋមន្រ្តីបដិសេធលើការចោទប្រកាន់ទាំងនេះ។ គាត់បាននិយាយថា “ ទេ កុំនិយាយអំពីបក្ខពួកនិយម។ ខ្ញុំគ្រាន់តែចង់លើកកំពស់ក្មេងជំនាន់ក្រោយតែប៉ុណ្ណោះ។” នោះគឺជាសំដីរបស់គាត់។ ចំណែកឯកូនប្រុសរបស់ឥស្សរជននយោបាយផ្សេងទៀតក៏មាន នៅក្នុងបញ្ជីនេះផងដែរ។
សូមពិភាក្សាអំពីបញ្ជីអ្នកបោះឆ្នោតវិញ។ ថ្មីៗនេះ អង្គការមិនមែនរដ្ឋាភិបាលរបស់អន្តរជាតិ មកពីសហរដ្ឋអាមេរិក វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដោយសហការជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក គណៈកម្មាធិការអព្យាក្រិត និងមិនលំអៀងដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌(Nicfec) បានធ្វើសវនកម្មបញ្ជីបោះឆ្នោត។ ពួកគេយល់ថាឈ្មោះជាង៩ភាគរយ នៅក្នុងបញ្ជីមិនមានឡើយ។ ហើយប្រជាជនប្រមាណជាង៩ភាគរយ ដែលបានចុះបញ្ជី ដើម្បីបោះឆ្នោតមិនមាននៅក្នុងបញ្ជីទេ ឈ្មោះរបស់ពួកគេត្រូវបានគេលុបចោល។ វាមានចំនួនច្រើនណាស់ គឺស្ទើតែ២០ភាគរយនៃបញ្ជីអ្នកបោះឆ្នោតទៅហើយ។ ថ្ងៃខែឆ្នាំកំណើតរបស់ប្រជាពលរដ្ឋមួយចំនួន មិនត្រឹមត្រូវទៅតាមថ្ងៃខែឆ្នាំកំណើត នៅលើបញ្ជីបោះឆ្នោតឡើយ ដូច្នេះប្រជាពលរដ្ឋទាំងនេះ ប្រហែលជាមិនត្រូវបានគេអនុញ្ញាតឲ្យបោះឆ្នោត នៅក្នុងថ្ងៃបោះឆ្នោតនោះទេ។ វាជាលក្ខណះនៃភាពមិនប្រក្រតី ដែលនឹងបង្កនូវផលប៉ះពាល់យ៉ាងធំ ទៅលើលទ្ធផលបោះឆ្នោត។
ប៉ុន្តែប្រសិនបើមានភាពមិនប្រក្រតីបែបនេះ តើអ្នកអាចប្តឹងនៅឯណា? តើអ្នកអាចទៅពឹងតុលាការបានទេ? តើអ្នកធ្វើយ៉ាងម៉េចជាមួយនឹងពត៌មាននេះ?
សម្រាប់យើង ដែលជាសង្គមស៊ីវិល យើងអាចត្រឹមតែជាអ្នកស៊ើបអង្គេតតែបុណ្ណោះ។ យើងមិនអាចត្រួតពិនិត្យបានទេ មានន័យថាយើងមិនអាចដាក់ពាក្យបណ្តឹងបានឡើយ។ គ្រាន់តែអ្នកតំណាងរបស់បក្សនយោបាយមានតួនាទីក្នុងការត្រួតពិនិត្យ មានន័យថា ជាដំបូងពួកគេអាចដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ បន្ទាប់មកពួកគេអាចដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ហើយក្រុមប្រឹក្សាធម្មនុញ្ញគឺជាស្ថាប័នមួយនៃជម្រើសចុងក្រោយ។ ប៉ុន្តែតាមដែលខ្ញុំដឹង ពាក្យបណ្តឹងត្រូវបានប្តឹងនៅក្នុងអំឡុងពេលការបោះឆ្នោតមុនៗ គ្មានប្រយោជន៍ឡើយ ពីព្រោះសមាជិករបស់ គជប ភាគច្រើន បម្រើគណបក្សកំពុងកាន់អំណាច។
មានសមាជិកត្រឹមតែមួយ ឬពីរនាក់ប៉ុណ្ណោះ ជួនកាលអាចនៅក្នុងគណបក្សជំទាស់។ វាមិនមានតុល្យភាពឡើយ។ យើង ជាសង្គមស៊ីវិល បានស្នើសុំជារឿយៗឲ្យ គជប ផ្លាស់ប្តូរនូវសមាសភាពរបស់ខ្លួន។ ប្រហែលជាមិនមែនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្នាក់ជាតិនោះទេ ប៉ុន្តែយើងចង់ឲ្យមានការផ្លាស់ប្តូរ សមាសភាពរបស់គណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោត(គខប) គណៈកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោត(គឃប) និងមន្រ្តីមួយចំនួនដែលធ្វើការនៅឯការិយាល័យបោះឆ្នោត។ ប៉ុន្តែ គជប មិនទទួលខុសត្រូវទៅលើអនុសាសន៍របស់យើងទេ។
ប៉ុន្តែក្នុងនាមជាអ្នកសង្កេតការណ៍ តើអ្នកអាចផ្លាស់ប្តូរដោយសេរី និងលើកឡើងពីបណ្តឹង និងផ្តល់យោបល់ដល់ប្រជាពលរដ្ឋដែរ ឬទេ? ឬជារឿងដ៏លំបាក ឬជារឿងដ៏គ្រោះថ្នាក់ក្នុងការធ្វើជាអ្នកសង្កេតការណ៍?
យើងត្រូវតែដាក់ពាក្យទៅ គជប ដើម្បីធ្វើជាអ្នកសង្កេតការណ៍ ហើយកាលពីការបោះឆ្នោតចុងក្រោយនេះ យើងបានដាក់ពាក្យយឺតពេលបន្តិច ដូច្នេះ គជប មិនបានអនុញ្ញាតដល់យើងឡើយ។ ប៉ុន្តែយើងអាចធ្វើការ នៅខាងក្រៅមណ្ឌលបោះឆ្នោត។ បញ្ហាក្នុងការធ្វើជាអ្នកសង្កេតការណ៍ នៅក្នុងថ្ងៃបោះឆ្នោត គឺថាមិនមានអ្នកសង្កេតការណ៍ច្រើន នៅក្នុងមណ្ឌលបោះឆ្នោតឡើយ។ មានតែនៅខាងក្រៅមណ្ឌលទេ ដែលយើងអាចមើលឃើញ ថាតើប្រជាពលរដ្ឋដ៏ច្រើន ត្រូវបានគេលុបឈ្មោះចេញដោយរបៀបម៉េច។ យើងអាចទៅកាន់មណ្ឌលបោះឆ្នោត ប៉ុន្តែយើងមិនអាចតវ៉ាបានឡើយ ប្រសិនបើយើងផ្លាស់ប្តូរស្ថានភាពនេះមិនបានទេ វានៅតែអត់ប្រយោជន៍។ ជារឿយៗ យើងបានបង្កើតនូវអនុសាសន៍យ៉ាងច្រើន នៅក្នុងអំឡុងពេលបោះឆ្នោត ប៉ុន្តែយើងអាចឃើញថាអនុសាសន៍របស់យើង មិនត្រូវបានគេយកទៅពិចារណាឡើយ។
ក្រុមអ្នកសង្កេតការណ៍បរទេស ដូចជាសហភាពអ៊ឺរ៉ុប ធ្លាប់បានបញ្ជូនក្រុមអ្នកសង្កេតការណ៍ដែលមានរយៈពេលវែង និងក្រុមអ្នកសង្កេតការណ៍ដែលមានរយៈពេលខ្លី នៅក្នុងថ្ងៃបោះឆ្នោត។ ពួកគេបានផ្តល់អនុសាសន៍ដ៏ច្រើន ប៉ុន្តែប្រសិនបើអ្នកពិនិត្យមើលទៅអនុសាសន៍វិញ មិនត្រូវបានគេយកទៅអនុវត្តន៍ទេ។ ដូច្នេះវាពិបាកណាស់ ក្នុងការធ្វើសេចក្តីថ្លែងការណ៍ និងនិយាយថាការបោះឆ្នោតនឹងប្រព្រឹត្តទៅប្រកបដោយសេរី និងយុត្តិធម៌។
ការបោះឆ្នោតនៅក្នុង ឆ្នាំ១៩៩៣ ជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ តាមជាក់ស្តែង ប្រជាពលរដ្ឋស្ទើតែទាំងអស់ ត្រូវបានគេចុះឈ្មោះឲ្យ។ ហើយយើងទទួលបាននូវប័ណ្ណបោះឆ្នោត។ អង្គការសហប្រជាជាតិបានបញ្ជូន សូម្បីតែក្រុមចល័ត ដើម្បីចុះឈ្មោះ និងផ្តល់ប័ណ្ណបោះឆ្នោតឲ្យប្រជាពលរដ្ឋ ដែលរស់នៅតំបន់ដាច់ស្រយាល និងនៅក្នុងពន្ធធនាគារផងដែរ។ ថ្ងៃបោះឆ្នោតត្រូវបានពន្យាពេល ជួនកាលក្នុងរយៈពេលពីរបីខែឯណោះ ដើម្បីឲ្យប្រជាពលរដ្ឋអាចចុះឈ្មោះបោះឆ្នោតបាន។ ហើយនៅក្នុងថ្ងៃបោះឆ្នោត ពួកគេមានក្រុមចល័ត ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋ នៅក្នុងពន្ធធនាគារ និងប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ដើម្បីមកបោះឆ្នោត។ អង្គការសហប្រជាជាតិ ក៏បានត្រួតពិនិត្យទៅលើក្រសួងទាំងប្រាំ ដែលរួមមានក្រសួងពត៌មានផងដែរ ដូច្នេះពត៌មានក្នុងការបោះឆ្នោត ត្រូវបានប្រកាសនៅក្នុងសារពត៌មាន តាមវិទ្យុ និងទូរទស្សន៍។ វាជាការបោះឆ្នោតដែលកាន់តែសេរី និងយុត្តិធម៌ថែមទៀត។
ដោយត្រូវបានផ្តល់ឲ្យនូវជីវប្រវត្តិ និងការជាប់ពាក់ព័ន្ធរបស់សហគមន៍អន្តរជាតិៈ តើអ្នកមានការអាក់អន់ស្រពន់ចិត្ត ដែលសហភាពអ៊ឺរ៉ុបនិយាយថាខ្លួននឹងមិនបញ្ជូនក្រុមអ្នកសង្កេតការណ៍ទៀតឡើយ នៅពេលនេះ?
នៅពេលដែលខ្ញុំបានឮដូច្នេះ ខ្ញុំមានការអន់ចិត្តបន្តិចដែរ។ ប៉ុន្តែនៅពេលអង្គការសហប្រជាជាតិបានពន្យល់ពីហេតុផល ខ្ញុំក៏បានយល់អំពីស្ថានភាពនេះ។ អង្គការសហប្រជាជាតិបាននិយាយថាពួកគេមិនបានបញ្ជូនក្រុមអ្នកសង្កេតការណ៍ទេ ពីព្រោះក្រុមអាជ្ញាធរកម្ពុជា មិនបានទទួលយកអនុសាសន៍ ពីបេសកកម្មកាលពីមុនៗរបស់ពួកគេ ដើម្បីធ្វើការពិចារណាឡើយ។ ហេតុអ្វីបានជាពួកគេត្រឡប់ទៅវិញ និងបង្កើតអនុសាសន៍ដដែលៗម្តងទៀត? ខ្ញុំក៏យល់ច្បាស់ និងយល់ស្របនឹងការពន្យល់នេះ។
..........
បទសម្ភាសន៍នេះត្រូវបានធ្វើឡើង ដោយ រីណេត វីលឃ៍ ឡោន័រ នៅមូលនិធិហេនរេចបូល កាលពីខែមិថុនា ឆ្នាំ២០១៣