បាបារ៉ា អ៊ុនម៉ូសិក
ប្រធានមូលនិធីហេនរិចបូល

លោកស្រីបាបារ៉ា អ៊ុនម៉ូស៊ិក កើតនៅហ្រ្វាយប៊ួក អ៊ីម ប្រាយហ្កោ ក្នុងប្រទេសអាឡឺម៉ង់នៅឆ្នាំ១៩៥៦។ លោកស្រីបានសិក្សាផ្នែកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យហ្រ្វី (Freie Universität Berlin) នៅក្នុងទីក្រុងប៊ែកឡាំង។

ការប្តេជ្ញាចិត្តប្រកបដោយវិជ្ជាជីវៈរបស់លោកស្រីសម្រាប់យុត្តិធម៌អន្តរជាតិ ការការពារបរិស្ថាននិងអាកាសធាតុ បានចាប់ផ្តើមឡើងនៅឆ្នាំ១៩៨៣ក្នុងនាមជាអ្នកកែសម្រួលនៃ "Blätter des iz3w" ដែលត្រូវបានគេផ្តោតទៅលើគោលនយោបាយជើងត្បូង។ បន្ថែមពីលើនេះទៀត លោកស្រីបានធ្វើការជាជំនួយការស្រាវជ្រាវរបស់អង្គការ "Aktion Dritte Welt" (មជ្ឈមណ្ឌលព័ត៌មានពិភពលោកទី៣) នៅហ្រ្វាយប៊ួក។

ចាប់តាំងពីឆ្នាំ១៩៨៥មកលោកស្រីបាបារ៉ាបានពង្រីកបណ្តាញនិងចំណេះដឹងអន្ដរជាតិរបស់គាត់ដោយធ្វើការជាជំនួយការស្រាវជ្រាវសម្រាប់សមាជិកសភាអ៊ូជី អែដ(Uschi Eid)ពីឆ្នាំ១៩៨៥ដល់១៩៨៧ និងលុតហ្គើ វ៉ុលមើ (Ludger Volmer)ចាប់ពីឆ្នាំ១៩៨៧ដល់ឆ្នាំ១៩៩០នៃគណបក្សបៃតងនៅសភាប៊ុនដេសថាក(Bundestag)អាល្លឺម៉ង់។ ក្នុងអំឡុងពេលនោះលោកស្រីផ្តោតសំខាន់ទៅលើវិបត្តិបំណុលអន្តរជាតិ ធនាគារពិភពលោក គោលនយោបាយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងបញ្ហាបរិស្ថានពិភពលោក។

ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ លោកស្រីបានធ្វើការងារជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិតែប៉ុណ្ណោះ។ ក្នុងកំឡុងឆ្នាំ១៩៩២ នៅពេលដែលសន្និសិទអង្គការសហប្រជាជាតិស្តីពីបរិស្ថាននិងការអភិវឌ្ឍន៍ (UNCED) ត្រូវបានប្រារព្ធឡើងនៅទីក្រុងរីយ៉ូឌឺជេណេរ៉ូ (Rio de Janeiro) លោកស្រីគឺជានាយកគម្រោងនៃអង្គការបរិស្ថាន និងអភិវឌ្ឍន៍អាល្លឺម៉ង់។ នៅឆ្នាំ១៩៩២ លោកស្រីបាបារ៉ាគឺជាសមាជិកស្ថាបនិកម្នាក់ហើយរហូតដល់ឆ្នាំ២០០២ លោកស្រីជាអ្នកនាំពាក្យរបស់វេទិកាស្តីពីបរិស្ថាន និងការអភិវឌ្ឍន៍របស់អង្គការក្រៅរដ្ឋាភិបាលអាល្លឺម៉ង់។ ក្នុងអំឡុងពេលនោះ លោកស្រីបានផ្តួចផ្តើមឱ្យមានបណ្តាញអន្តរជាតិជាច្រើន និងបានចូលរួមក្នុងវេទិកាសន្និសិទសកលផ្សេងៗ (UNCED, អង្គការពាណិជ្ជកម្មពិភពលោក(WTO), IMF និងធនាគារពិភពលោក)។ លោកស្រីបានបង្កើតអង្គការសេដ្ឋកិច្ច អេកូឡូស៊ី និងការអភិវឌ្ឍន៍ពិភពលោក (World Economy, Ecology and Development, WEED) ក្នុងឆ្នាំ ១៩៩២និងលោកស្រីបានធ្វើការងាររហូតដល់ឆ្នាំ២០០២ជាប្រធាននាយកប្រតិបត្តិ។ រហូតមកដល់សព្វថ្ងៃនេះ លោកស្រីគឺជាសហនិពន្ធនៃព្រឹត្តិប័ត្រព័ត៌មានរបស់អង្គការសេដ្ឋកិច្ច អេកូឡូស៊ី និងការអភិវឌ្ឍន៍ពិភពលោក។

នៅឆ្នាំ២០០០ លោកស្រីបានបង្កើតវិទ្យាស្ថានសម្រាប់សិទ្ធិមនុស្សអាល្លឺម៉ង់ (Deutsches Institut für Menschenrechte, DIMR) ដែលជាអង្គការសិទ្ធិមនុស្សហើយជាសមាជិកក្រុមប្រឹក្សាភិបាលចាប់តាំងពីឆ្នាំ២០០១។ នៅឆ្នាំ២០០៩លោកស្រីបានក្លាយជាអនុប្រធានក្រុមប្រឹក្សាភិបាល។

ចាប់តាំងពីដំបូងមក លោកស្រីបានចូលរួមនៅក្នុងការបង្កើតមូលនិធិហេនរេចបូល។ ចាប់ពីឆ្នាំ១៩៩៦ដល់ឆ្នាំ២០០១លោកស្រីបានធ្វើជាប្រធាននៃក្រុមអ្នកគ្រប់គ្រង។ នៅខែឧសភា ឆ្នាំ២០០២ លោកស្រីបាបារ៉ាត្រូវបានគេជ្រើសតាំងជាប្រធាន ហើយចាប់តាំងពីពេលនោះមកគាត់បានគ្រប់គ្រងមូលនិធិហេនរេចបូលរួមគ្នាជាមួយ រ៉ាវ ហ្វូគ(Ralf Fücks)។ នៅទីនេះ បាបារ៉ាទទួលខុសត្រូវលើការងារអន្តរជាតិរបស់ខ្លួននៅអាមេរិកឡាទីន អាហ្វ្រិក អាស៊ី អាស៊ីបូព៌ា និងអាហ្វ្រិកខាងជើង។ ចំណុចសំខាន់នៃមូលនិធិនេះគឺ សកលភាវូបនីយកម្ម សិទ្ធិមនុស្ស និងសិទ្ធិស្រ្ដី ធនធានអាកាសធាតុអន្តរជាតិ គោលនយោបាយកសិកម្ម និងការគាំទ្រលទ្ធិប្រជាធិបតេយ្យគឺជាស្នូលនៃការងារនិងការចូលរួមរបស់គាត់។

លោកស្រីបាបារ៉ាស្ថិតនៅក្នុងតួនាទីជាប្រធានដឹកនាំសម្រាប់កិច្ចការរួមនៃលទ្ធិប្រជាធិបតេយ្យសមភាពយេនឌ័រ និងសម្រាប់វិទ្យាស្ថានហ្គុនដា វេនន័រ សម្រាប់ស្រ្ដីនិយមនិងសមភាពយេនឌ័រ (Gunda Werner Institute for Feminism and Gender Democracy)។

ចាប់តាំងពីឆ្នាំ២០០៩មក លោកស្រីបានក្លាយជាចៅក្រមសម្រាប់ Helene -Weber-Preis ដែលជាពានរង្វាន់សម្រាប់អ្នកនយោបាយទីក្រុងវ័យក្មេងដែលផ្តួចផ្តើមឡើងដោយក្រសួងសហព័ន្ធអាឡឺម៉ង់សម្រាប់កិច្ចការគ្រួសារ ប្រជាពលរដ្ឋចំណាស់ ស្រ្តីនិងយុវជន។

លោកស្រីគឺជាប្រធានគណៈវិនិច្ឆ័យនៃពានរង្វាន់ស្រ្តីអានេ ខ្លែន(Anne Klein)ដែលមូលនិធិហេនរេចបូលគាំទ្រតាំងពីឆ្នាំ២០១២។ ជាមួយនឹងពានរង្វាន់ស្រ្តីនេះ មូលនិធិហេនរេចបូលគាំទ្រដល់នារីដែលមានការប្តេជ្ញាចិត្តខ្ពស់ មានភាពក្លាហាន និងភាពក្លាហានខាងសីលធម៌សម្រាប់សមិទ្ធផលនៃសមភាពយែនឌ័រ សិទ្ធិនិងការប្តេជ្ញាចិត្តនៃមនុស្សស្រីស្រលាញ់ភេទដូចគ្នា មនុស្សប្រុសស្រលាញ់ភេទដូចគ្នា មនុស្សប្ដូរភេទនិងអន្តរភេទ។

ចាប់តាំងពីឆ្នាំ២០១៣ លោកស្រីបាបារ៉ាគឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃវេទិកាសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តភាពដែលជាទស្សនាវដ្តីមួយដែលបានប្តេជ្ញាដើម្បីបង្កើតអនាគតដែលប្រកបដោយនិរន្តភាពមួយ។

លោកស្រីបាបារ៉ាចូលរួមយ៉ាងសកម្មនិងជាទៀងទាត់ក្នុងការជជែកពិភាក្សាអំពីយុទ្ធសាស្រ្តនិងកម្មវិធីរបស់គណបក្សបៃតងអាល្លឺម៉ង់(Bündnis 90 / Die Grünen)នៅក្នុងវិស័យនានាដូចជាអំពីបញ្ហាយុត្តិធម៌សកល បរិស្ថាន គោលនយោបាយអាកាសធាតុ គោលនយោបាយយេនឌ័រ និងគោលនយោបាយអភិវឌ្ឍន៍។

លោកស្រីបាបារ៉ាធ្លាប់បានបោះពុម្ពផ្សាយ និងចែកចាយទស្សនាវដ្តីនិងសៀវភៅជាច្រើន។

ទំនាក់ទំនង

ការិយាល័យ Barbara UnmüßigKathrin Klaua
អ៊ីមែល៖ klaua@boell.de
ទូរស័ព្ទ៖ + 49(0) 30 /  285 34 114
ទូរសារ៖ + 49(0) 30 /  285 34 192