ពិភពផ្លាស្ទីក

ពិភពផ្លាស្ទីក

ផ្លាស្ទីកមាននៅគ្រប់កន្លែង ហើយបើយើងគិតទៅ ជីវិតរបស់យើង​ពោរ​ពេញទៅដោយផ្លាស្ទីក។    យើងប្រើប្រាស់ផ្លាស្ទីកស្រោប​រក្សា​ឱសថ សម្លៀកបំពាក់ ប្រដាប់ក្មេងលេង និងសម្ភារៈថែខ្លួន ក៏ដូចជានៅក្នុងសម្ភារៈនៃឧស្សាហកម្ម       និងផលិតផលកសិកម្ម។ យើងក៏ដឹងពីហានិភ័យនៃកាកសំណល់ផ្លាស្ទីចនៅបរិស្ថានជុំវិញ តាមកន្លែងស្តុកទុក​កាកសំណល់ និងនៅក្នុងទឹកសមុទ្រផងដែរ។

យើងឃើញកាន់តែច្បាស់ទៅៗថា ផ្លាស្ទីកបង្កហានិភ័យដល់សុខភាពយើង គិតចាប់​តាំងពីដំណាក់កាលផលិត ការប្រើប្រាស់រហូតដល់ការបោះចោល។ ភាគល្អិតតូច​នៃផ្លាស្ទិច និង ផលិតផលគីមីមានជាតិពុលដែលគេយកទៅផលិតផ្លាស្ទីក ចូលក្នុង​ខ្យល់ដង្ហើម ទឹកប្រើប្រាស់ ហើយនិងក្នុងដី។ វាធ្វើឱ្យខូចប្រព័ន្ធការពាររាងកាយពី​ជំងឺ ប្រព័ន្ធបន្តពូជ ថ្លើម តំរងនោម រហូតដល់ធ្វើឱ្យមានរោគមហារីក។

ទោះបីជាយើងដឹងថា ផ្លាស្ទីកធ្វើឲ្យខូចបរិស្ថាន   និងសុខភាពក៏ដោយ ក៏ផលិតផលពី   ផ្លាស្ទីកនៅតែបន្តកើនឡើងជាលំដាប់។ និន្នាការនេះនឹងបន្តក្នុងពេលអនាគត ប្រសិនបើយើងមិនបង្អាក់ផែនការពង្រីកឧស្សាហកម្មទេនោះ ដោយសារតែការទាញយក ឧស្ម័នសម្រាប់ផលិតវាមានតម្លៃថោក។

គ្រាន់តែនៅសហរដ្ឋអាមេរិក ក្រុមហ៊ុនឧស្សាហកម្មផ្លាស្ទីកមានគោលបំណងបង្កើនការផលិតផ្លាស្ទីក៣០ភាគរយនៅឆ្នាំបន្ទាប់ ។ ៩៩ភាគរយនៃផលិតផលផ្លាស្ទីក គេ​ផលិតពីឥន្ធនៈហ្វូស៊ីល ដូចជាធ្យូងថ្ម ប្រេងកាត និងឧស្ម័ន។    ការធ្វើខូចដល់​អាកាសធាតុ ដោយមានជាតិបំភាយឧស្ម័ន ពេលផលិតមានក្នុងធំធេងណាស់។

សម្រាប់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលមួយចំនួនចាប់ផ្ដើមចាត់វិធានការ ដោយ​កំណត់ការប្រើប្រាស់ផ្លាស្ទីក ដូចជាហាមឃាត់លក់ដូរផលិតផលផ្លាស្ទីកដែលអាចប្រើបានតែមួយដង។ ប៉ុន្តែ បើយើងមិនកាត់បន្ថយផលិតផលផ្លាស្ទីកទេ ការចាត់វិធានការនេះមានឥទ្ធិពលតែបន្តិចបន្តួចប៉ុណ្ណោះ។ ការឃោសនាផ្សព្វផ្សាយ និងការធ្វើទីផ្សារយ៉ាងច្រើននៃឧស្សាហកម្មនេះធ្វើឲ្យយើងជឿថា យើងមិនអាច​រស់នៅដោយមិនអាចគ្មានផ្លាស្ទីកបានទេ។ ដូច្នេះហើយពួកគេ (ឧស្សាហកម្ម) រុញ​ទំនួលខុសត្រូវ​នៃ វិបត្តិផ្លាស្ទីក ពីក្រុមហ៊ុនផលិតផលទៅអតិថិជនអ្នកប្រើប្រាស់។ 

វិធីបំបែកកាក​សំណល់ និង ការយកសំរាមទៅកែច្នែឡើងវិញតែមួយមុខ មិនអាច​ដោះស្រាយ​បញ្ហាផ្លាស្ទីកបានទេ។ ដោយសារតែជំនួញកាកសំណល់ផ្លាស្ទិកមានការកើនឡើង បញ្ហាបណ្ដាលមកផ្លាស្ទីកក៏កើនឡើងដូចគ្នា។   ប្រទេសជាច្រើន​ដូចជាប្រទេស​អាល្លឺម៉ង់ជាដើម មិនបាននាំចេញតែកាកសំណល់ផ្លាស្ទីកភាគច្រើនទៅអាស៊ីអាគ្នេយ៍ទេ   ពួកគេក៏នាំផលប៉ះពាល់អវិជ្ជមានទៅលើបរិស្ថាន   និង​សុខភាពទៅជាមួយដែរ។ ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ មិនមានប្រព័ន្ធនៃ ការចោលសំរាមទេ បើមានក៏មិន​គ្រប់គ្រាន់នៅឡើយ។ នៅទីបញ្ចប់ កាកសំណល់ផ្លាស្ទីកធ្លាក់ទៅក្នុងបរិស្ថាន ឬចូលក្នុងទឹក ឬសមុទ្រ។

ទោះយ៉ាងណាក៏ដោយ យើងនៅមានសុទិដ្ឋិនិយម ព្រោះថាផ្លាស្ទីកជាប្រធានបទសំខាន់មួយនៅលើរបៀបវារៈនយោបាយបច្ចុប្បន្ន ហើយមនុស្សទូទាំងពិភពលោក​កំពុងបង្កើតចលនា “Break Free From Plastic” ជាមួយគ្នា។ គេបានចាប់ផ្ដើមបង្កើនឡើងនូវនយោបាយមួយឈ្មោះថា “Zero-Waste” ឬ«យុទ្ធនាការមិន​បង្កើតសំរាម» នៅតាមស្រុក និងទីក្រុង គ្រប់កន្លែងនៅទូទាំងពិភពលោក។ គោលដៅ​របស់ពួកគេ​ជាទូទៅនោះគឺ៖ ស្រាវជ្រាវរកមូលហេតុ ធ្វើការដោះស្រាយ និងរករបស់​ផ្សេងៗទៀត​មកជំនួស។

បើយើងមានចក្ខុវិស័យថា ផ្លាស្ទីកមិនត្រូវបំពុលបរិស្ថានពេញផែនដីយើងទេនោះ យើងត្រូវខិតខំប្រឹងប្រែងធ្វើឲ្យបានជោគជ័យ។ ប្រធានបទស្ដីពីផ្លាស្ទីកនឹងតាមយើង ជាប់ជានិច្ច ដែលធ្វើឲ្យយើងមិនអាចជៀសពីវាបាន។ ដូច្នេះ យើងត្រូវប្រុងប្រយ័ត្ន ហើយយកចិត្ដទុកដាក់ខ្ពស់។ យើងកំពុងចាប់ផ្តើមយល់ដឹងអំពីទំហំនៃវិបត្តិនេះ។ បើយើងចង់កែប្រែវិបត្តិនេះឲ្យបានល្អវិញ យើងត្រូវមានចំណេះដឹងអំពីមូលហេតុ ភ្នាក់ងារផលិតផ្លាស្ទីក ហើយនិងបញ្ហាដែលបង្កដោយផ្លាស្ទីក។ ដូច្នេះហើយទើបយើងបោះពុម្ពសៀវភៅដែលមានចំណងជើងថា  «ពិភពផ្លាស្ទីក»  ឬ plastic atlas សម្រាប់លោកអ្នក។

យើងសង្ឃឹមថា លោកអ្នកអាចទទួលចំណេះវិជ្ជាថ្មីៗ   នៅពេលលោកអ្នកសិក្សា សៀវភៅនេះ ហើយប្រឹងប្រែង និងលើកទឹកចិត្ត ព្រមទាំងកាន់តែសកម្មក្នុងការជួយ ដោះស្រាយបញ្ហានេះជាមួយគ្នា។

Product details
Licence
All rights reserved