ពិភពផ្លាស្ទីក
ផ្លាស្ទីកមាននៅគ្រប់កន្លែង ហើយបើយើងគិតទៅ ជីវិតរបស់យើងពោរពេញទៅដោយផ្លាស្ទីក។ យើងប្រើប្រាស់ផ្លាស្ទីកស្រោបរក្សាឱសថ សម្លៀកបំពាក់ ប្រដាប់ក្មេងលេង និងសម្ភារៈថែខ្លួន ក៏ដូចជានៅក្នុងសម្ភារៈនៃឧស្សាហកម្ម និងផលិតផលកសិកម្ម។ យើងក៏ដឹងពីហានិភ័យនៃកាកសំណល់ផ្លាស្ទីចនៅបរិស្ថានជុំវិញ តាមកន្លែងស្តុកទុកកាកសំណល់ និងនៅក្នុងទឹកសមុទ្រផងដែរ។
យើងឃើញកាន់តែច្បាស់ទៅៗថា ផ្លាស្ទីកបង្កហានិភ័យដល់សុខភាពយើង គិតចាប់តាំងពីដំណាក់កាលផលិត ការប្រើប្រាស់រហូតដល់ការបោះចោល។ ភាគល្អិតតូចនៃផ្លាស្ទិច និង ផលិតផលគីមីមានជាតិពុលដែលគេយកទៅផលិតផ្លាស្ទីក ចូលក្នុងខ្យល់ដង្ហើម ទឹកប្រើប្រាស់ ហើយនិងក្នុងដី។ វាធ្វើឱ្យខូចប្រព័ន្ធការពាររាងកាយពីជំងឺ ប្រព័ន្ធបន្តពូជ ថ្លើម តំរងនោម រហូតដល់ធ្វើឱ្យមានរោគមហារីក។
ទោះបីជាយើងដឹងថា ផ្លាស្ទីកធ្វើឲ្យខូចបរិស្ថាន និងសុខភាពក៏ដោយ ក៏ផលិតផលពី ផ្លាស្ទីកនៅតែបន្តកើនឡើងជាលំដាប់។ និន្នាការនេះនឹងបន្តក្នុងពេលអនាគត ប្រសិនបើយើងមិនបង្អាក់ផែនការពង្រីកឧស្សាហកម្មទេនោះ ដោយសារតែការទាញយក ឧស្ម័នសម្រាប់ផលិតវាមានតម្លៃថោក។
គ្រាន់តែនៅសហរដ្ឋអាមេរិក ក្រុមហ៊ុនឧស្សាហកម្មផ្លាស្ទីកមានគោលបំណងបង្កើនការផលិតផ្លាស្ទីក៣០ភាគរយនៅឆ្នាំបន្ទាប់ ។ ៩៩ភាគរយនៃផលិតផលផ្លាស្ទីក គេផលិតពីឥន្ធនៈហ្វូស៊ីល ដូចជាធ្យូងថ្ម ប្រេងកាត និងឧស្ម័ន។ ការធ្វើខូចដល់អាកាសធាតុ ដោយមានជាតិបំភាយឧស្ម័ន ពេលផលិតមានក្នុងធំធេងណាស់។
សម្រាប់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលមួយចំនួនចាប់ផ្ដើមចាត់វិធានការ ដោយកំណត់ការប្រើប្រាស់ផ្លាស្ទីក ដូចជាហាមឃាត់លក់ដូរផលិតផលផ្លាស្ទីកដែលអាចប្រើបានតែមួយដង។ ប៉ុន្តែ បើយើងមិនកាត់បន្ថយផលិតផលផ្លាស្ទីកទេ ការចាត់វិធានការនេះមានឥទ្ធិពលតែបន្តិចបន្តួចប៉ុណ្ណោះ។ ការឃោសនាផ្សព្វផ្សាយ និងការធ្វើទីផ្សារយ៉ាងច្រើននៃឧស្សាហកម្មនេះធ្វើឲ្យយើងជឿថា យើងមិនអាចរស់នៅដោយមិនអាចគ្មានផ្លាស្ទីកបានទេ។ ដូច្នេះហើយពួកគេ (ឧស្សាហកម្ម) រុញទំនួលខុសត្រូវនៃ វិបត្តិផ្លាស្ទីក ពីក្រុមហ៊ុនផលិតផលទៅអតិថិជនអ្នកប្រើប្រាស់។
វិធីបំបែកកាកសំណល់ និង ការយកសំរាមទៅកែច្នែឡើងវិញតែមួយមុខ មិនអាចដោះស្រាយបញ្ហាផ្លាស្ទីកបានទេ។ ដោយសារតែជំនួញកាកសំណល់ផ្លាស្ទិកមានការកើនឡើង បញ្ហាបណ្ដាលមកផ្លាស្ទីកក៏កើនឡើងដូចគ្នា។ ប្រទេសជាច្រើនដូចជាប្រទេសអាល្លឺម៉ង់ជាដើម មិនបាននាំចេញតែកាកសំណល់ផ្លាស្ទីកភាគច្រើនទៅអាស៊ីអាគ្នេយ៍ទេ ពួកគេក៏នាំផលប៉ះពាល់អវិជ្ជមានទៅលើបរិស្ថាន និងសុខភាពទៅជាមួយដែរ។ ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ មិនមានប្រព័ន្ធនៃ ការចោលសំរាមទេ បើមានក៏មិនគ្រប់គ្រាន់នៅឡើយ។ នៅទីបញ្ចប់ កាកសំណល់ផ្លាស្ទីកធ្លាក់ទៅក្នុងបរិស្ថាន ឬចូលក្នុងទឹក ឬសមុទ្រ។
ទោះយ៉ាងណាក៏ដោយ យើងនៅមានសុទិដ្ឋិនិយម ព្រោះថាផ្លាស្ទីកជាប្រធានបទសំខាន់មួយនៅលើរបៀបវារៈនយោបាយបច្ចុប្បន្ន ហើយមនុស្សទូទាំងពិភពលោកកំពុងបង្កើតចលនា “Break Free From Plastic” ជាមួយគ្នា។ គេបានចាប់ផ្ដើមបង្កើនឡើងនូវនយោបាយមួយឈ្មោះថា “Zero-Waste” ឬ«យុទ្ធនាការមិនបង្កើតសំរាម» នៅតាមស្រុក និងទីក្រុង គ្រប់កន្លែងនៅទូទាំងពិភពលោក។ គោលដៅរបស់ពួកគេជាទូទៅនោះគឺ៖ ស្រាវជ្រាវរកមូលហេតុ ធ្វើការដោះស្រាយ និងរករបស់ផ្សេងៗទៀតមកជំនួស។
បើយើងមានចក្ខុវិស័យថា ផ្លាស្ទីកមិនត្រូវបំពុលបរិស្ថានពេញផែនដីយើងទេនោះ យើងត្រូវខិតខំប្រឹងប្រែងធ្វើឲ្យបានជោគជ័យ។ ប្រធានបទស្ដីពីផ្លាស្ទីកនឹងតាមយើង ជាប់ជានិច្ច ដែលធ្វើឲ្យយើងមិនអាចជៀសពីវាបាន។ ដូច្នេះ យើងត្រូវប្រុងប្រយ័ត្ន ហើយយកចិត្ដទុកដាក់ខ្ពស់។ យើងកំពុងចាប់ផ្តើមយល់ដឹងអំពីទំហំនៃវិបត្តិនេះ។ បើយើងចង់កែប្រែវិបត្តិនេះឲ្យបានល្អវិញ យើងត្រូវមានចំណេះដឹងអំពីមូលហេតុ ភ្នាក់ងារផលិតផ្លាស្ទីក ហើយនិងបញ្ហាដែលបង្កដោយផ្លាស្ទីក។ ដូច្នេះហើយទើបយើងបោះពុម្ពសៀវភៅដែលមានចំណងជើងថា «ពិភពផ្លាស្ទីក» ឬ plastic atlas សម្រាប់លោកអ្នក។
យើងសង្ឃឹមថា លោកអ្នកអាចទទួលចំណេះវិជ្ជាថ្មីៗ នៅពេលលោកអ្នកសិក្សា សៀវភៅនេះ ហើយប្រឹងប្រែង និងលើកទឹកចិត្ត ព្រមទាំងកាន់តែសកម្មក្នុងការជួយ ដោះស្រាយបញ្ហានេះជាមួយគ្នា។