គណៈបក្សកំពុងកាន់អំណាចគ្រប់គ្រងបណ្តាប្រព័ន្ធផ្សព្វផ្សាយស្ទើតែទាំងអស់

Image removed.
យុទ្ធនាការមុនពេលការបោះឆ្នោត។ ផ្ទាំងរូបភាពឃោសនានៃការបោះឆ្នោតនេះបង្ហាញពីនាយករដ្ឋមន្រ្តីហ៊ុនសែន ដែលគាត់កំពុងតែកាន់អំណាចក្នុងប្រទេសអស់រយៈពេលជិត 30 ឆ្នាំ។
រូបភាពដោយ៖ មូលនិធិហេនរេចបូលប្រចាំប្រទេសកម្ពុជា
  • ការបកស្រាយតាមវីដេអូខាងក្រោម

លោកស្រី កេក អ្នកឯងមកពីគ្រួសារដែលត្រូវបានគេគោរព  ជាគ្រួសារមួយដែលបម្រើការងារឲ្យប្រទេសនេះ។ អ្នក​​​​​​​ឯងផ្ទាល់ បានធ្វើជាអ្នកសម្របសម្រួលដល់កិច្ចពិភាក្សា រវាងលោក ហ៊ុន សែន ដែលនៅពេលនេះ​​ ជាបុរសខ្លាំងស្រាប់ទៅហើយ នៅក្នុងទីក្រុងភ្នំពេញ ជាមួយនឹង​​ព្រះអង្គម្ចាស់ សីហនុ បន្ទាប់មកជាមួយនឹងបក្សប្រឆាំង។ តើអ្នកមានចំណាប់អារម្មណ៍យ៉ាងណា ចំពោះបុរសក្មេង ហ៊ុន សែន?

នៅពេល​ដែល​ខ្ញុំ​បាន​ជួប​ជាមួយ​គាត់ ជាលើកដំបូង កាលពីឆ្នាំ​១៩៨៧ ខ្ញុំ​បាន​ឃើញ​បុរស​ក្មេង​ អៀនប្រៀន​ម្នាក់។ នៅពេល​ដែល​គាត់​បាននិយាយ​មក​កាន់​ខ្ញុំ វាហាក់បីដូចជា គាត់​ចង់​ធ្វើ​អ្វីមួយ សម្រាប់​ប្រទេស​របស់​គាត់។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​មកពី​គ្រួសារ​ក្រីក្រ​មួយ ដូច្នេះ គាត់​យល់​ច្បាស់ថា​ភាព​ក្រីក្រ​គឺជា​អ្វី ហើយ​ថា​ព្រជាពលរដ្ឋ​ក្រីក្រ​ត្រូវការអ្វី។ បំណង​របស់​គាត់ គឺដើម្បី​ជួយ​ប្រជាជន​កម្ពុជា ​អភិវឌ្ឍន៍​ប្រទេស​នេះ ដែល​ទើបតែ​បាន​ផុសចេញ​រួចពី​ការក្តោបក្តាប់​របស់​ខ្មែរក្រហម។ នៅពេល​នោះ ខ្ញុំ​ជឿទៅលើរូបគាត់ ហើយ​ខ្ញុំ​គិតថា ប្រជាជន​ដ៏ច្រើន​មាន​ជំនឿ​ទៅលើ​រូប​គាត់​ផងដែរ។ មនុស្ស​ជាច្រើន​គិតថា ប្រសិន​បើ យើង​មាន​មេដឹកនាំ​ម្នាក់​ចេញ​ពី​ត្រកូល​ក្រីក្រ គាត់​នឹង​យល់​នូវអ្វី​ដែល​ជា​ការស្រេចឃ្លាន។

កិច្ចពិភាក្សា​ទាំងនេះ សម្រេចបាន​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាពមួយ នៅក្នុង​ឆ្នាំ​១៩៩១ ហើយ​ក្រោយមក​ក៏មាន​វត្តមាន​របស់​អង្គការសហប្រជាជាតិ។ ពួកគេ​បាន​រៀបចំ និង​បានដំណើរការ​បោះឆ្នោត។ គួរឲ្យភ្ញាក់ផ្អើល លោក ហ៊ុន សែន មិនបាន​ឈ្នះឆ្នោត​ទេ។ ប៉ុន្តែ គាត់​នៅតែ​មិន​​បោះបង់​អំណាច​ចោល​ឡើយ។  តើអ្នក​នឹង​និយាយ​ទេ ថា​គាត់​បាន​លួច​ការបោះឆ្នោត?

សម្រាប់ខ្ញុំ ការបោះឆ្នោត​ឆ្នាំ​១៩៩៣ គឺជា​ការបោះឆ្នោត​មួយ ដែល​យើង​អាច​ចាត់ទុក​ថាគួរឲ្យទុកចិត្ត នេះមានន័យ​ថា វា​ជាការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ថ្វីបើ​មាន​អំពើហិង្សា​ច្រើនក៏ដោយ។ ហេតុអ្វី? ពីព្រោះ ការបោះឆ្នោតនេះ ត្រូវបាន​រៀបចំឡើង ដោយ​អង្គការ​សហប្រជាជាតិ និង​ដោយសារតែ អង្គការសហប្រជាជាតិធ្វើការ​ដោយ​អព្យាក្រិត និង​មិនលំអៀង ខ្ញុំយល់ថា លទ្ធផល​មានលក្ខណះ​ល្អប្រសើណាស់។ គណបក្ស​ប្រជាជន​កម្ពុជា បានចាញ់​ឆ្នោត ប៉ុន្តែ​ពុំបាន​ទទួលយក​លទ្ធផល​នេះឡើយ។

ជាអកុសល ក្នុងនាម​ការសម្របសម្រួល គ្មាន​បក្ស​ណាមួយ​ទទួល​យក​នូវ​តួនាទី ជា​បក្ស​ជំទាស់​ឡើយ។ គណបក្ស​បី ដែលទទួលបាន​អសនៈ នៅក្នុងរដ្ឋសភាជាតិ បានបង្កើត​រដ្ឋាភិបាល​ចំរុះ​មួយ។ នេះ​មិនមែន​ជាគំនិត​ល្អនោះទេ វាគួរតែ​មាន​បក្សពីរចាក​ចេញវិញ ដែល​តាមពិត​មាន​បក្ស​ចំនួន​បួន​។ បក្ស​មួយ មានឈ្មោះ​ថា បក្ស​ម៉ូលីណាកា ដែល​ទទួលបាន​តែ​មួយ​អាសនៈប៉ុន្នោះ។ ដូច្នេះ សម្រាប់យើង ដែល​ជាសង្គមស៊ីវិល យើង​ចង់ឃើញ បក្សនយោបាយ​ទាំងពីរ​បង្កើត​រដ្ឋាភិបាល​មួយ ហើយ​បក្សមួយ​ដើរតួនាទី​ជាបក្ស​ជំទាស់ ដោយសារតែ​បក្ស​ជំទាស់​មានសារៈសំខាន់ ក្នុងការរក្សានូវការត្រួតពិនិត្យ និង​តុល្យភាព​ទៅលើ​រដ្ឋាភិបាល។

ប៉ុន្តែ អ្នកមានការបោះឆ្នោតជាទៀងទាត់​​ចាប់តាំងពីពេលនោះមក។ តើអ្នកនឹងនិយាយថានេះគ្រាន់តែជាប្រជាធិបតេយ្យក្លែងក្លាយមែនទេ?

ប្រសិនបើអ្នក​ក្រលេក​មើល​ការបោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ ស្ថាប័ន​ដែល​រៀបចំ​ការបោះឆ្នោត គឺ​ឯករាជ្យ។ ប្រសិន​បើ​វាមិន​ឯករាជ្យទេ តើយើង​អាច​ជឿជាក់​លើ​ការបោះឆ្នោត​នោះ​ដោយ​របៀបណា? នៅប្រទេស​កម្ពុជា កាលពីឆ្នាំ​១៩៩៣ មាន​វត្តមាន​អង្គការ​សហប្រជាជាតិ។ ចាប់តាំង​ពី​ឆ្នាំ​១៩៩៨ ស្ថាប័ន​ដែល​​រៀបចំ​ការបោះឆ្នោត ត្រូវបាន​ចូលលាយឡំ​ដោយ​គណបក្ស​កំពុងកាន់អំណាច។ វាពិបាក​សម្រាប់​ប្រជាជន​កម្ពុជា ដើម្បី​និយាយថា​ការបោះឆ្នោត​​មិនមាន​ភាព​លំអៀង អព្យាក្រិត និង​អាចជឿទុកចិត្តបាន។ ការបោះឆ្នោត​មិនមែន ​ដើម្បី​តែគណបក្ស​នយោបាយ​នោះទេ គឺ​ដើម្បី​មនុស្ស​គ្រប់គ្នា។

ប្រជាជន​ទាំងអស់ដែល​មានសិទ្ធិ​បោះឆ្នោត គួរតែ​ទទួលយក​នូវ​លទ្ធផល។ ប្រសិនបើ​ពួកគេ​មិនទទួលយកនោះទេ មានន័យ​ថា​វាមិនគួរ​ឲ្យ​ជឿទុកចិត្ត​ឡើយ។

ប្រសិនបើអ្នកធ្វើដំណើរនៅក្នុងប្រទេសរបស់អ្នក នោះអ្នកកត់សម្គាល់នូវស្លាកសញ្ញារបស់គណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាផ្លូវនានា។ ស្លាកសញ្ញាទាំងនេះ ហាក់បីដូចជាមាននៅគ្រេប់ទីកន្លែងទាំងអស់ ចំណែកឯគណបក្សដទៃទៀតមានការិយាល័យតិចតួចណាស់ តើគណបក្សប្រជាជនកម្ពុជាពិតជាទទួលបាននូវការគាំទ្រពីសំណាក់ប្រជាជនទាំងអស់មែនទេ?

ពួកគេ​មានសិទ្ធិ​ដាក់​ស្លាកសញ្ញា​នានា នៅគ្រប់ទីកន្លែង​ ប៉ុន្តែ​យើង​មានរបាយការណ៍ជាច្រើន​អំពី​ស្លាកសញ្ញា​របស់​គណបក្ស​ជំទាស់​ ថាត្រូវបាន​គេទាញទម្លាក់។ នេះគឺជា​គម្លាត​រវាង​គណបក្ស​កំពុងកាន់អំណាច និង​គណបក្ស​ដទៃទៀត។ គណបក្ស​កំពុងកាន់អំណាច គ្រប់គ្រង​បណ្តា​ប្រព័ន្ធផ្សព្វផ្សាយ​ស្ទើតែ​ទាំងអស់។ គ្រប់ប៉ុស្តិ៍​ទូរទស្សន៍​ទាំងអស់ និង​ស្ថានីយិ៍​វិទ្យុ​ស្ទើតែ​ទាំងអស់មានទំនាក់ទំនង​ជាមួយ​នឹង​បក្ស​កំពុងកាន់អំណាច។ កាសែត​តិចតួចណាស់​ដែល​ជារបស់​គណបក្ស​ជំទាស់ ឬ​អព្យាក្រិត។ បើទោះបីជាយ៉ាង​ណាក៏ដោយ មាន​កាសែត​ជាភាសារអង់គ្លេស​ពីរ ដែល​ឯករាជ្យពិតប្រាកដ។

បញ្ជីបេក្ខជនត្រូវបានបោះពុម្ភផ្សាយ សម្រាប់ការបោះឆ្នោតដែលត្រូវបានធ្វើឡើងនៅចុងខែកក្តដា។ កូនប្រុសម្នាក់របស់លោកហ៊ុន សែន និងកូនប្រសារប្រុសរបស់គាត់ ក៏មានឈ្មោះនៅក្នុងបញ្ជីនេះដែរ។ តើអ្នកមានអារម្មណ៍ថាគាត់ចង់បង្កើតនូវប្រភេទខ្លះៗនៃជំនួញគ្រួសារ នៅទីនោះឬ?

មនុស្ស​មួយចំនួន​គិតបែបនេះ ប៉ុន្តែ​ខ្ញុំ​បានឮ លោកនាយករដ្ឋមន្រ្តី​បដិសេធ​លើ​ការចោទ​ប្រកាន់​ទាំងនេះ។ គាត់​បាននិយាយថា “ ទេ កុំនិយាយ​អំពី​បក្ខ​ពួកនិយម។ ខ្ញុំ​គ្រាន់តែ​ចង់​លើកកំពស់​ក្មេង​ជំនាន់​ក្រោយ​តែប៉ុណ្ណោះ។” នោះ​គឺ​ជាសំដី​របស់​គាត់។ ចំណែកឯ​កូនប្រុស​របស់​ឥស្សរជន​នយោបាយ​ផ្សេងទៀតក៏មាន នៅក្នុងបញ្ជី​នេះ​ផងដែរ។

សូមពិភាក្សាអំពី​បញ្ជីអ្នកបោះឆ្នោត​វិញ។ ថ្មីៗនេះ អង្គការ​មិនមែន​រដ្ឋាភិបាលរបស់​​អន្តរជាតិ មកពី​សហរដ្ឋអាមេរិក វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដោយសហការជាមួយ​នឹង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក គណៈកម្មាធិការអព្យាក្រិត​ និង​មិនលំអៀង​ដើម្បី​ការបោះឆ្នោត​ដោយសេរី​និង​យុត្តិធម៌(Nicfec) បានធ្វើសវនកម្មបញ្ជីបោះឆ្នោត។ ពួកគេ​យល់ថា​ឈ្មោះ​ជាង​៩​ភាគរយ នៅ​ក្នុងបញ្ជី​មិន​មាន​ឡើយ។ ហើយ​ប្រជាជន​ប្រមាណ​ជាង​៩ភាគរយ ដែល​បានចុះ​បញ្ជី ដើម្បី​បោះឆ្នោត​មិនមាន​នៅក្នុង​បញ្ជី​ទេ ឈ្មោះ​របស់​ពួកគេ​ត្រូវបាន​គេលុបចោល។ វាមានចំនួន​ច្រើន​ណាស់ គឺ​ស្ទើតែ​២០​ភាគរយ​នៃ​បញ្ជី​អ្នក​បោះឆ្នោត​ទៅហើយ។ ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ មិនត្រឹម​ត្រូវ​ទៅតាម​ថ្ងៃខែឆ្នាំ​កំណើត នៅ​លើ​បញ្ជី​បោះឆ្នោត​ឡើយ ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងនេះ ប្រហែល​ជាមិនត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​បោះឆ្នោត នៅក្នុង​ថ្ងៃ​បោះឆ្នោត​នោះទេ។ វា​​ជា​លក្ខណះ​នៃ​ភាពមិន​ប្រក្រតី ដែល​នឹង​បង្កនូវ​ផលប៉ះពាល់​យ៉ាង​ធំ ទៅលើ​លទ្ធផល​បោះឆ្នោត។

ប៉ុន្តែប្រសិនបើមានភាពមិនប្រក្រតីបែបនេះ តើអ្នកអាចប្តឹងនៅឯណា? តើអ្នកអាចទៅពឹងតុលាការបានទេ? តើអ្នកធ្វើយ៉ាងម៉េចជាមួយនឹងពត៌មាននេះ?

សម្រាប់​យើង ដែល​ជាសង្គម​ស៊ីវិល យើង​អាច​ត្រឹមតែ​ជា​អ្នកស៊ើបអង្គេត​តែបុណ្ណោះ។ យើង​មិនអាច​ត្រួតពិនិត្យបានទេ មានន័យថា​យើង​មិនអាច​ដាក់ពាក្យបណ្តឹង​បានឡើយ។ គ្រាន់តែ​អ្នកតំណាង​របស់​បក្ស​នយោបាយ​មាន​តួនាទី​ក្នុង​ការត្រួតពិនិត្យ មានន័យ​ថា ជាដំបូង​ពួកគេ​អាច​ដាក់ពាក្យ​បណ្តឹង​ទៅ​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត។ បន្ទាប់មក​ពួកគេ​អាច​ដាក់ពាក្យបណ្តឹង​​ទៅកាន់​តុលាការ ហើយ​ក្រុមប្រឹក្សា​ធម្មនុញ្ញគឺជា​ស្ថាប័ន​មួយ​នៃ​ជម្រើស​ចុងក្រោយ។ ប៉ុន្តែ​តាមដែល​ខ្ញុំ​ដឹង​ ពាក្យបណ្តឹង​ត្រូវបាន​ប្តឹង​នៅក្នុង​អំឡុងពេល​ការបោះឆ្នោត​មុនៗ គ្មាន​ប្រយោជន៍​ឡើយ ពីព្រោះ​សមាជិក​របស់ គជប ភាគច្រើន​ បម្រើ​គណបក្ស​​កំពុង​កាន់អំណាច។

មាន​សមាជិកត្រឹមតែ​​មួយ ឬពីរ​នាក់​ប៉ុណ្ណោះ ជួនកាល​អាចនៅក្នុង​គណបក្ស​ជំទាស់។ វា​មិនមាន​តុល្យភាពឡើយ។ យើង ជាសង្គមស៊ីវិល បានស្នើសុំ​ជារឿយៗ​ឲ្យ គជប ផ្លាស់ប្តូរ​នូវ​សមាសភាព​របស់​ខ្លួន។ ប្រហែល​ជាមិនមែន​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅ​ថ្នាក់​ជាតិ​នោះ​ទេ ប៉ុន្តែ​យើង​ចង់ឲ្យមានការ​ផ្លាស់ប្តូរ ​សមាសភាព​របស់​គណៈកម្មាធិការ​ខេត្ត​រៀបចំការបោះឆ្នោត(គខប) គណៈកម្មាធិការ​ឃុំសង្កាត់​រៀបចំការបោះឆ្នោត(គឃប) និង​មន្រ្តី​មួយចំនួន​ដែល​ធ្វើការ​នៅឯ​ការិយាល័យ​បោះឆ្នោត។ ប៉ុន្តែ គជប មិនទទួលខុសត្រូវ​ទៅលើ​អនុសាសន៍​របស់​យើង​ទេ។

ប៉ុន្តែក្នុងនាមជាអ្នកសង្កេតការណ៍ តើអ្នកអាចផ្លាស់ប្តូរដោយសេរី និងលើកឡើងពីបណ្តឹង និងផ្តល់យោបល់ដល់ប្រជាពលរដ្ឋដែរ ឬទេ? ជារឿងដ៏លំបាក ជារឿងដ៏គ្រោះថ្នាក់ក្នុងការធ្វើជាអ្នកសង្កេតការណ៍?

យើង​ត្រូវតែ​ដាក់ពាក្យ​ទៅ គជប ដើម្បី​ធ្វើ​ជាអ្នកសង្កេតការណ៍ ហើយ​កាលពី​​ការបោះឆ្នោត​ចុងក្រោយនេះ យើង​បាន​ដាក់ពាក្យយឺតពេល​បន្តិច ដូច្នេះ គជប មិនបាន​អនុញ្ញាត​ដល់​យើង​ឡើយ។ ប៉ុន្តែ​យើង​អាច​ធ្វើការ នៅខាងក្រៅមណ្ឌល​បោះឆ្នោត។ បញ្ហា​ក្នុងការធ្វើជា​​អ្នកសង្កេតការណ៍ នៅក្នុង​ថ្ងៃ​បោះឆ្នោត គឺថា​មិនមាន​អ្នកសង្កេតការណ៍​ច្រើន នៅក្នុង​មណ្ឌល​បោះឆ្នោត​ឡើយ។ មានតែ​នៅខាងក្រៅ​មណ្ឌល​ទេ ដែល​យើង​អាច​មើលឃើញ ថា​តើ​ប្រជាពលរដ្ឋ​ដ៏​ច្រើន ត្រូវបាន​គេលុបឈ្មោះ​ចេញ​ដោយ​របៀបម៉េច។ យើង​អាច​ទៅកាន់​មណ្ឌល​បោះឆ្នោត ប៉ុន្តែ​យើង​មិនអាច​តវ៉ា​បាន​ឡើយ ប្រសិនបើ​យើង​ផ្លាស់ប្តូរ​ស្ថានភាព​នេះ​មិនបានទេ វា​នៅតែ​អត់ប្រយោជន៍។ ជារឿយៗ យើង​បានបង្កើត​នូវ​អនុសាសន៍​យ៉ាងច្រើន នៅក្នុងអំឡុងពេល​បោះឆ្នោត ប៉ុន្តែ​យើង​អាចឃើញថាអនុសាសន៍​របស់​យើង មិនត្រូវ​បាន​គេ​យក​ទៅ​ពិចារណា​ឡើយ។

ក្រុមអ្នកសង្កេតការណ៍បរទេស ដូចជា​សហភាព​អ៊ឺរ៉ុប ធ្លាប់បាន​បញ្ជូនក្រុមអ្នកសង្កេត​ការណ៍ដែល​មានរយៈពេល​វែង និង​ក្រុមអ្នកសង្កេតការណ៍​ដែល​មាន​រយៈពេល​ខ្លី នៅក្នុងថ្ងៃ​បោះ​ឆ្នោត​។ ពួកគេបានផ្តល់​អនុសាសន៍​ដ៏ច្រើន ប៉ុន្តែប្រសិនបើ​អ្នក​ពិនិត្យ​មើល​ទៅ​អនុសាសន៍​វិញ មិនត្រូវបាន​គេយក​ទៅអនុវត្តន៍​ទេ។ ដូច្នេះ​វាពិបាក​ណាស់ ក្នុងការធ្វើសេចក្តី​ថ្លែងការណ៍ និង​និយាយថា​ការបោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សេរី និង​យុត្តិធម៌។

ការបោះឆ្នោត​នៅក្នុង ​ឆ្នាំ​១៩៩៣ ជាការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ តាមជាក់ស្តែង ប្រជាពលរដ្ឋ​ស្ទើតែ​ទាំងអស់ ត្រូវបាន​គេចុះឈ្មោះឲ្យ។ ហើយ​យើង​ទទួល​បាន​នូវ​ប័ណ្ណ​បោះឆ្នោត។ អង្គការសហប្រជាជាតិ​បានបញ្ជូន សូម្បីតែ​ក្រុមចល័ត ដើម្បី​ចុះឈ្មោះ និង​ផ្តល់ប័ណ្ណ​បោះឆ្នោត​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅតំបន់​ដាច់ស្រយាល និង​នៅក្នុង​ពន្ធ​ធនាគារ​ផងដែរ។ ថ្ងៃ​បោះឆ្នោត​ត្រូវបាន​ពន្យាពេល ជួនកាល​​ក្នុង​រយៈពេល​ពីរបីខែ​ឯណោះ ដើម្បី​ឲ្យប្រជាពលរដ្ឋអាចចុះឈ្មោះបោះឆ្នោតបាន។ ហើយ​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត ពួកគេ​មាន​ក្រុមចល័ត ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ នៅក្នុងពន្ធធនាគារ និង​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល ដើម្បី​មក​បោះ​ឆ្នោត។ អង្គការសហប្រជាជាតិ ក៏បាន​ត្រួតពិនិត្យ​ទៅលើ​ក្រសួង​ទាំងប្រាំ​ ដែល​រួមមាន​ក្រសួង​ពត៌មានផងដែរ ដូច្នេះ​ពត៌មាន​ក្នុងការបោះឆ្នោត ត្រូវបាន​ប្រកាស​នៅក្នុង​សារពត៌មាន តាម​វិទ្យុ និង​ទូរទស្សន៍។ វាជាការបោះឆ្នោត​ដែល​កាន់តែ​សេរី និង​យុត្តិធម៌​ថែមទៀត។

ដោយត្រូវបានផ្តល់ឲ្យនូវជីវប្រវត្តិ និងការជាប់ពាក់ព័ន្ធរបស់សហគមន៍អន្តរជាតិៈ តើអ្នកមានការអាក់អន់ស្រពន់ចិត្ត ដែលសហភាពអ៊ឺរ៉ុបនិយាយថាខ្លួននឹងមិនបញ្ជូនក្រុមអ្នកសង្កេតការណ៍ទៀតឡើយ នៅពេលនេះ?

នៅពេល​ដែល​ខ្ញុំ​បានឮ​ដូច្នេះ ខ្ញុំមានការអន់ចិត្ត​បន្តិចដែរ។ ប៉ុន្តែនៅពេល​អង្គការ​សហប្រជាជាតិ​បានពន្យល់​​ពីហេតុផល ខ្ញុំក៏បាន​យល់​អំពី​ស្ថានភាព​នេះ។ អង្គការ​សហប្រជាជាតិ​បាននិយាយថា​ពួកគេមិនបាន​បញ្ជូន​ក្រុមអ្នកសង្កេតការណ៍​ទេ ពីព្រោះ​ក្រុមអាជ្ញាធរកម្ពុជា មិនបាន​ទទួល​យក​អនុសាសន៍​ ពីបេសកកម្ម​កាលពីមុន​ៗរបស់​ពួកគេ ដើម្បី​ធ្វើការពិចារណា​ឡើយ។ ហេតុអ្វី​បានជាពួកគេ​ត្រឡប់​ទៅវិញ និង​បង្កើត​អនុសាសន៍​ដដែល​ៗម្តងទៀត? ខ្ញុំក៏យល់ច្បាស់ និង​យល់​ស្រប​នឹង​ការពន្យល់​នេះ។

..........
បទសម្ភាសន៍​នេះ​ត្រូវបាន​ធ្វើឡើង ដោយ រីណេត វីលឃ៍ ឡោន័រ នៅមូលនិធិហេនរេចបូល កាលពី​ខែ​មិថុនា ឆ្នាំ​២០១៣

 

វីដេអូ (ភាសាអង់គ្លេស)